(ម៉ូស្គូ)៖ យោងតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងកីឡារុស្ស៊ី លោក Vitaly Mutko ត្រូវបានដកស្រង់ដោយព័ត៌មានចិន ស៊ិនហួ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា អាចមានអត្តពលិកជនជាតិរុស្ស៊ីបន្ថែមទៀត នឹងត្រូវបានរារាំងមិនឲ្យចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ដោយសារជាប់ពាក់ព័ន្ធប្រើប្រាស់ថ្នាំ ដែលគេហាមឃាត់ ស្របពេលដែលមានករណីចុងក្រោយបំផុត នៃការប្រើប្រាស់ថ្នាំលើសកម្រិត នៅក្នុងចំណោមអត្តពលិករបស់រុស្ស៊ី ។
កាលពីថ្ងៃចន្ទ អតីតកីឡាការិនីវាយតេនីស លំដាប់ថ្នាក់លេខ១ ពិភពលោក Maria Sharapova ត្រូវបានប្រកាស នៅក្នុងទីក្រុង Los Angeles ដោយភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោកថា នាងបានធ្លាក់នៅក្នុងការពិនិត្យគ្រឿងញៀន នាព្រឹត្តិការណ៍ Australian Open កាលពីខែមករា ។
កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានឲ្យដឹងថា ការពិនិត្យបានរកឃើញថា នាងមានសារធាតុញៀន ហៅថា «Mildronate» ដែលមានការតិទៀនខ្លាំងៗ ៥លើកមកហើយ ចំពោះព្រឹត្តិការណ៍កីឡា ដែលបានប្រារព្ធឡើងកាលពី១០ឆ្នាំមុន ពីបញ្ហា សុខភាព ។
សារធាតុ Mildronate ដែលគេស្គាល់ឈ្មោះម្យ៉ាងទៀតថា Meldonium ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាល ជំងឺទឹកនោមផ្អែម និងកម្រិតម៉ាញេស្យ៉ូមទាប ហើយវាត្រូវបានដាក់នៅក្នុងបញ្ជីហាមឃាត់នាឆ្នាំនេះ ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍ កីឡាការិនីរាំលើទឹកកករបស់រុស្ស៊ីនាង Yekaterina Bobrova ត្រូវបានហាមមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ World Figure-Skating Championships ដែលនឹងប្រារព្ធឡើង នៅសហរដ្ឋអាមេរិក បន្ទាប់ពីសារធាតុ Meldonium ត្រូវបានរកឃើញនៅក្នុងឈាមរបស់នាង ។ ទោះបីយ៉ាងណាក្តី រដ្ឋមន្ត្រីកីឡារុស្ស៊ី បានបញ្ជាក់ថា ការមិនឲ្យចូលរួមប្រកួត ដោយសារការប្រើប្រាស់សារធាតុញៀន ដែលហាមឃាត់ក្តី តែវាមិនអាចប៉ះពាល់ចំពោះការចូលរួមរបស់រុស្ស៊ី នៅក្នុងព្រឹត្តិការណ៍ Rio 2016 នៅប្រទេសប្រេស៊ីល នោះឡើយ ៕