(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន ២៥គ្រួសារ មកពី១២ភូមិ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ទទួលបានអំណោយពីថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយគ្រា។
លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ បានបញ្ជាក់ថា អំណោយដែលបានយកមកចែកជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅថ្ងៃនេះមួយចំនួនបានមកពីថ្នាក់ដឹកនាំ និងមួយចំនួនទៀតបានមកពីសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងបរិបទជំងឺកូវីដ១៩នេះ។
លោកបានបន្តថា សប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជួយដល់ប្រជាពលរដ្ឋជួបការលំបាកទាំង ២៥គ្រួសារខាងលើនេះរួមមាននាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស, លោក កែវ វណ្ណដេត មេបញ្ជាការមូលដ្ឋានទ័ពអាកាសកំពង់ឆ្នាំង ចុះជួយឃុំជ្រៃបាក់, លោក ជុង ហៃយ៉េន អគ្គនាយកក្រុមហ៊ុនសម្បត្តិរតនៈវិសាលឯក, លោក ម៉ុក យូ និងលោក ហ៊ុន លី អនុប្រធានការិយាល័យបសុព្យាបាលខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋទាំង២៥គ្រួសា ក្នុងមួយគ្រួសាររទទួលបានអង្ករ១បេ ស្មើនឹង២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៣កំប៉ុង ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ម៉ាស១០បន្ទះ នំប៉័ងផ្អែម១កញ្ចប់ ទឹកសុទ្ធ២ដប ផ្លែល្ពៅ១ផ្លែ និងថវិកាចំនួន៣ម៉ឺនរៀល។
តាំងនាមតំណាងឱ្យប្រជាពលរដ្ឋទាំង២៥គ្រួសារខាងលើនេះលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ បានថ្លែងអំណរគុណដល់សប្បុរសជន ជាម្ចាស់ទានទាំងអស់ ដែលមានចិត្តសប្បុរសធម៌បានជួយឧបត្ថម្ភដល់ពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងកាលៈទេសៈកូវីដ១៩នេះ។
ក្នុងឱកាសនោះដែរ លោក កែវ វណ្ណដេត តំណាងនាយឧត្តមសេនីយ៍ សឹង សំណាង បានពាំនាំនូវប្រសាសន៍ផ្ញើសួរសុខទុក្ខពីថ្នាក់ដឹក ពិសេសប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ដែលលោកតែងតែបានគិតគូ និងចុះជួយដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាញឹកញាប់ ប៉ុន្តែដោយសារនៅពេលនេះលោកមានភារកិច្ចចាំបាច់ប ទើបមិនទាន់មានឱកាសបានមកជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ តែទោះជាយ៉ាងណានៅពេលស្ងប់ស្ងាត់ជំងឺកូវីដ១៩ នាយឧត្តមសេនីយ៍នឹងអញ្ជើញមកជួបប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងដូចធម្មតាវិញ។
លោក កែវ វណ្ណដេត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយនឹងជំងឺកូវីដ១៩ ត្រូវថែរក្សាខ្លួនប្រាណធ្វើអនាម័យជាប្រចាំដោយលាងដៃ និងសាប៊ូ អាល់កុល ឬជែលពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣កុំ ៣ការពារ»៕