(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទឹកដីខណ្ឌឫស្សីកែវ បានរិះគន់ចំៗ ចំពោះរថយន្ដដឹកដី ដឹកខ្សាច់តូចធំ របស់ឈ្មួញម្នាក់ ដែលមានជាមន្រ្តីយោធាផងនោះឈ្មោះ ជា គឹមហួត កំពុងធ្វើអាជីវកម្មទាំងយប់ទាំងថ្ងៃដោយបាន ជះផលប៉ះពាល់ដល់ការរស់នៅ និងរកស៊ីលក់ដូរផ្សេងៗ ជាពិសេសនោះផ្តល់ផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋនិយាយថា សកម្មភាពដឹកជញ្ជូនខ្សាច់ ដឹកដីជារៀងរាល់ថ្ងៃយប់យ៉ាងដូច្នេះ នឹងបំផ្លាញផ្លូវលំផ្លូវជាតិតូចធំរបស់រដ្ឋ ជាច្រើនខ្សែជាក់ជាមិនខាន។
ស្ត្រីឈ្មោះ មុំ វី អាយុ៤៩ឆ្នាំ គឺជាប្រជាពលរដ្ឋម្នាក់ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បាននិយាយប្រាប់ភ្នាក់ងារ Fresh News ថា «រាល់ថ្ងៃឡានធំៗនៅតែបន្ត សកម្មភាពចរាចរណ៍យ៉ាងគឃ្លើន បើទោះបីសាលារាជធានីភ្នំពេញ បានចាត់វិធានការ ទប់ស្កាត់ យ៉ាងណាក៏ដោយ តែគ្មានខ្លាចញញើតនោះទេ ជាពិសេសឡានដឹកខ្សាច់ ដឹកដី ដែលធ្វើផ្តល់ប៉ះពាល់ដល់ការរស់នៅ និងរកស៊ីយ៉ាងខ្លាំង និងម្យ៉ាងទៀត ខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៀតផង ជាពិសេសទៅលើ ក្មេងៗកូនចៅរបស់យើង»។
បុរសម្នាក់ទៀតដែលរស់នៅសង្កាត់ច្រាំងចំរេះទី១ ក៏បានត្អូញត្អែរផងដែរថា ប្រសិនបើគ្មានការទប់ស្កាត់ ហាមឃាត់ពីថ្នាក់ដឹកនាំ ទេនោះច្បាស់ជាសុខភាពប្រជាពលរដ្ឋ នឹងត្រូវទ្រុឌទ្រោម ខណៈដែលឡានធំៗ ដឹកដី ដឹកខ្សាច់មិនបានគ្របឱ្យបានត្រឹមត្រូវ តាមស្តង់ដារព្រមទាំងបំផ្លិចបំផ្លាញ ផ្លូវសាធារណៈរបស់រដ្ឋជាក់ជាពុំខានឡើយ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានបញ្ជាឲ្យលោក កូប ស្លេះ ជាអភិបាលរងខណ្ឌចាត់វិធានការ ភ្លាមៗផងដែរ។
អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ ទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈ បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា «កាលពីប៉ុន្មានខែកន្លងមកនេះ សាលាខណ្ឌឫស្សីកែវ បានអនុវត្តដោយដាក់គោលការស្តង់ដារ តាមការណែនាំរបស់ សាលារាជធានីភ្នំពេញ ទាំង៦ចំណុចសំខាន់ៗ រួមមានទី១-រថយន្ដមិនត្រូវដឹកដីដឹកខ្សាច់ដែលទទឹក ទី២-មុនដឹកដី ដឹកខ្សាច់ ចេញពីដេប៉ូត្រូវគ្របឲ្យជិត ទី៣-រថយន្ដមិនត្រូវដឹកដីដឹកខ្សាច់ដាក់លើសជញ្ជាំងរថយន្ដ ទី៤-ត្រូវសម្អាតកង់រថយន្ដ ទី-រាល់ពេលចាក់ ខ្សាច់ចាក់ដី ចេញពីរថយន្ដត្រូវគ្រលាស់ជញ្ជាំង រថយន្ដដើម្បីឲ្យជ្រុះដី និងទី៦-ត្រូវមានកម្លាំងដាក់វេណដើម្បីលាងសម្អាតផ្លូវ។
លោកអភិបាលរងខណ្ឌបានបន្តថា «លក្ខណៈស្តង់ដារទាំង៦ចំណុចដែលចេញដោយសាលារាជធានីភ្នំពេញ ក៏ដូចជាសាលា ខណ្ឌឫស្សីកែវ នេះដើម្បីឲ្យម្ចាស់អាជីវកម្ម ម្ចាស់រថយន្ដដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមគោលការណែនាំរបស់អាជ្ញាធរ»។ ដោយឡែកលោក ជា គឹមហួត ដែលជាម្ចាស់អាជីវកម្មបូមខ្សាច់នោះ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយដោយឆ្លើយថា ជាប់រវល់៕
អាជីវកម្មបូមខ្សាច់របស់មន្ត្រីយោធា ជា គឹមហួតអាជីវកម្មបូមខ្សាច់របស់មន្ត្រីយោធា ជា គឹមហួត
Posted by Sheet on Tuesday, March 8, 2016