(កោះកុង)៖ រដ្ឋបាលសាលាខេត្តកោះកុងបាន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ព្រះនាមព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ព្រះរាជគណៈថ្នាក់កិត្តិសយព្រះសមទ្ទ គង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកោះកុង សម្រាប់បន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា ក្នុងនាមលោកស្រីជាអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណដល់ព្រះគ្រូព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ដែលឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលសាលាខេត្តដើម្បីចែកចាយបន្តដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងជីវភាពនាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ជាសកលនេះ។
លោកស្រីអភិបាលខេត្ត បានបន្តថា កានាំយកគ្រឿងឧបភោគបរិភោគរបស់ព្រះអង្គនាពេលនេះ បានបង្ហាញឱ្យឃើញពីសិល្បៈចែករំលែកទោះបីតិចក្តី ច្រើនក្តីយើងចេះជួយគ្នាក្នុងគ្រាមានអាសន្ន មិនថាមន្រ្តីរាជការ និងពុទ្ធសាសនាឡើយ។
លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា នេះជាទឹកចិត្តព្រះទ័យសប្បុរសធម៌ របស់ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ បរិភោគ ដល់រដ្ឋបាលសាលាខេត្ត ដើម្បីចូលរួមចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ក្នុងបរិបទជំងឺកូវីដ១៩ កំពុងរីករាលដាល ជាពិសេសព្រះអង្គបានចូលរួមចំណែកគ្រប់ពេលដែលប្រជាពលរដ្ឋក្នុងខេត្តបានជួបការលំបាកក្នុងរដូវកាលសម័យកូវីដ១៩ ដែលកំពុងមានហានិភ័យខ្ពស់៕