(កណ្តាល)៖ បន្ទាប់ពីអវត្តមាន អស់រយៈពេលជាងមួយឆ្នាំ របស់ព្រះគ្រូធម្មាចារ្យ ធាន វុទ្ធី ដោយសារតែផ្ទុះរឿងអាស្រូវ ត្រូវបណ្ដេញចេញពីវត្តទូលរាជារួចមក ប្រជាពលរដ្ឋរស់នៅក្បែរនោះ សង្កេតឃើញថា ទីអារ៉ាមវត្តទួលព្រះរាជា ហាក់មានសភាពស្ងាត់ជ្រង ពុំសូវឃើញពុទ្ធបរិស័ទ ទៅធ្វើបុណ្យដូចកាលពីលោកគ្រូ ធាន វុទ្ធី ដឹកនាំនោះទេ។ លើសពីនេះ ព្រះសង្ឃ និងគណកម្មការវត្ត កំពុងតែចែកបក្ខពួកគ្នា ម្ខាងៗម្នាក់ ពុំមានការគ្រប់គ្រង ច្បាស់លាស់ទាល់តែសោះ នៅក្នុងវត្ត។
លោក សំ ធឿន មេភូមិតាដុល ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ និយាយថា តាំងពីលោកគ្រូធម្មាចារ្យ ធាន វុទ្ធី ត្រូវបានដកបណ្តេញចេញ ពីវត្តទួលរាជា មិនឲ្យគ្រប់គ្រងរួចមក ឃើញមាន សភាពការណ៍នៅក្នុងភូមិ លែងមានភាពអ៊ូរអ ដូចកាលមុន របរលក់ដូររបស់អ្នកភូមិ ក៏មិនសូវកាក់កប ។ ចំណែកផ្លូវថ្នល់មិនត្រូវបានជួលជុល និងគ្មានការអភិវឌ្ឍនោះឡើយ។
ដោយឡែកលោក ផាន់ ផន គណៈកម្មការថែរក្សាវត្តទួលរាជា មានប្រសាសន៍ថា ដោយសារមិនមានការកសាងអ្វីបន្ថែមទៀត បច្ចុប្បន្នទីវត្តអារាមបានបែកប្រេះស្រាំ ជាអន្លើៗ រូបព្រះពុទ្ធបដិមាករ ត្រូវបានគេបំផ្លាញអស់ជាច្រើនកន្លែង។ ចំណែកសួនច្បារលំអរក្នុងទីអារាមនេះ ត្រូវបានគេលួចដុតបំផ្លាញ ដោយដឹងមូលហេតុ និងមិនមានអ្នកទទួលខុសត្រូវនោះទេ។
ពាក់ព័ន្ធករណីនេះព្រះតេជគុណ ទេព សុវណ្ណ ចៅអធិការស្តីទីវត្តទួលព្រះរាជា មានសង្ឃដិកាឲ្យដឹងថា ពិតជាមានជនខិលខូចមកបំផ្លិចបំផ្លាញ រូបដិមាករក្នុងវត្តខ្លះៗមែន ដោយចង់ទំលាក់ កំហុសនេះ មកលើព្រះអង្គ ក្នុងនាមជាអ្នកដឹកនាំបន្តនៅក្នុងវត្ត។ យ៉ាងនេះក្តីព្រះតេជគុណ បានបញ្ជាក់ថា ព្រះអង្គមិនអាចថែរក្សាវត្តឲ្យបាន គ្រប់ជ្រុងជ្រោយនេះទេ ដោយសារទីទួលវត្តទូលរាជា មានទីធ្លាធំទូលាយ ចំណែកព្រះសង្ឃគង់នៅ មានចំនួនតិចជាងមុនទៀត។ ជាមួយគ្នានេះ គណកម្មការ និងព្រះសង្ឃនៅក្នុង កំពុងតែបែងចែក បក្ខពួកគ្នា គ្មាននរណា ស្ដាប់នរណាឡើយ។
សូមបញ្ជាក់ថាលោកគ្រូ ធាន វុទ្ឋី ត្រូវបានក្រសួងធម្មការ និងសាសនា ដកតំណែងចេញមិនឲ្យគ្រប់គ្រង កសាងវត្តទួលព្រះរាជាបន្ត តាំងពីខែសីហា ឆ្នាំ២០១៤ ដោយសារចោទថា ការកសាងវត្តហាក់មានទំនោរ ទៅរកព្រហ្មញសាសនា ហើយបានតាំងខ្លួនឯង ជាព្រះសេអារ្យមេត្រីទៀតផង៕