(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជាង១០៦លានដុល្លារ និងបង្កើតការងារ បានរាប់ពាន់កន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ YIANKANG BIOLOGICAL TECHNOLOGY CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២១០កន្លែង។
២៖ OCEAN TREASURE DYEING & PRINTING CO., LTD: គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២១៨កន្លែង។
៣៖ LESSO (CAMBODIA) TRADING CO., LTD: គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិព្រៃរកា និងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២០១កន្លែង។
៤៖ SANTELYS PHARMACEUTICAL CO., LTD: គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន១២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២១៥កន្លែង។
៥៖ KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៦២៨កន្លែង។
៦៖ JIN BEI PALACE CO., LTD: គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង៕