(ភ្នំពេញ)៖ ក្រុមបាល់ទាត់មេឃខៀវ Manchester City ដែលជាដៃគូសហការពាណិជ្ជកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ ឆេមពានលីក បន្ទាប់ពីផ្ដួលគូប្រកួត Paris Saint-Germain (PSG) ទាំង២ជើងដោយលទ្ធផល ៤-១។
កាលប៉ះគ្នាជើងទី១ កាលពីថ្ងៃទី២៩ មេសា ២០២១ នៅក្រៅដី ដោយ Paris Saint-Germain (PSG) ១-២ Manchester City ។ នៅជើងទី២ កាលពីថ្ងៃទី៥ ឧសភា ២០២១ ក្រុមមេឃខៀវ រកបានគ្រាប់បាលបន្ថែមទល់នឹង Paris Saint-Germain (PSG) ដោយលទ្ធផល ២-០ ប្រព្រឹត្តឡើងនៅពហុកីឡាដ្ឋាន Etihad។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ពិតជាសប្បាយរីករាយជាខ្លាំង ពេលឃើញក្រុមដៃគូសហការរបស់យើងកំពុងនាំយើង ដែលជាអ្នកគាំទ្រឆ្ពោះទៅសម្រេចក្ដីស្រមៃ ដោយត្រៀមដណ្ដើមពានដ៏ធំនេះ»។
នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូង ដែលក្រុមបាល់ទាត់ Manchester City បានឈានជើងឡើងដល់វគ្គផ្ដាច់ព្រាត់នៅក្នុងការប្រកួតពានរង្វាន់ ឆេមពានលីក។ ហើយក្រុមបាលទាត់ Manchester City កក់កៅអីរង់ចាំអ៊ុតរវាងក្រុម Chelsea និង Real Madrid ដែលក្រុមទាំងពីរនឹងប៉ះគ្នានៅថ្ងៃទី៦ ឧសភា ២០២១។ ការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៩ ឧសភា ២០២១។
លោកស្រីបន្ថែមថា ទោះបីជាយើងមិនអាចជួបជុំ ដើម្បីអបអរចំពោះជ័យជម្នះដ៏រំភើបនេះក្តី ប៉ុន្តែលោកស្រី សូមលើកទឹកចិត្តដល់អ្នកសេ្នហាកីឡាបាល់ទាត់ ពិសេសអ្នកស្រលាញ់គាំទ្រក្រុម Manchester City ទាំងអស់ ចូលរួមអបអរសាទរការប្រកួតផ្ដាច់ព្រ័ត្រនៃពានរង្វាន់ឆេមពានលីកទាំងអស់គ្នា៕