(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដែលមានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អ្នកជំងឺទាំង៣នាក់នេះ ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ។ អ្នកជំងឺទាំង៣រួមមាន៖
១៖ ឈ្មោះ ម៉ន ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
២៖ ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
៣៖ ឈ្មោះ ម៉ម សុខេន ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។
រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកទាំងបីនាក់ មានពីរនាក់ជាអ្នកមើលថែ និងម្នាក់ជាអ្នកជំងឺ ដែលត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនតាមរយៈរថយន្តសង្គ្រោះបន្ទាន់ទៅសម្រាកព្យាបាលជំងឺ(មិនមែនជំងឺកូវីដ-១៩) ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រោយការព្យាបាលមានសុខភាពល្អប្រសើរ អ្នកទាំងបីបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ តាមរយៈរថយន្តឈ្នួលមួយគ្រឿង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មកដល់ម៉ោង ៣ភ្លឺ ហើយត្រូវបានក្រុមការងារប្រចាំការនៅព្រំប្រទល់ខេត្ត ណែនាំឱ្យទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ បន្ទាប់មកគ្រូពេទ្យបានយកសំណាកវិភាគទទួលបានលទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះតាមការស្នើសុំ។
តាមរយៈពេលកំណត់របស់ក្រុមគ្រូពេទ្យ ពួកគាត់ត្រូវមកយកសំណាកលើកទី២ ដោយគាត់ទាំងបីនាក់ បានជិះរ៉ឺម៉កកង់បីចេញពីម្តុំទល់មុខការ៉ាស់សាំងតេឡា នៅម៉ោង១៦:០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែកអ្នកបើកបររថយន្តឈ្នួលដែលដឹកពួកគាត់ពីភ្នំពេញមកខេត្តសៀមរាប គឺទទួលបានលទ្ធផលអវិជ្ជមាន។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែឧសភា ខេត្តសៀមរាប រកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីចំនួន៧នាក់។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១៦នាក់ ស្លាប់ ១នាក់ និង ៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
រដ្ឋបាលខេត្តសៀមរាប ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕