(ភ្នំពេញ)៖ គណៈកម្មការពិសេសបន្ទាន់មួយ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា បង្កើតឡើង ដើម្បីជួយទប់ស្កាត់ការហូរចូលមិនស្របច្បាប់ នៃអង្ករ ពីប្រទេសជិតខាង មកប្រទេសកម្ពុជា ហើយក៏ដើម្បីស្វែងរកហិរញ្ញវត្ថុ ជួយដល់វិស័យស្រូវអង្ករកម្ពុជា ពិសេសរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមមុខនឹងការបិទទ្វារ។
ការបង្កើតគណៈកម្មការនេះ ត្រូវបានបញ្ជាក់ឡើង នៅសន្និសីទសារព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ស្តីពីផែនការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករ នៅភោជនីដ្ឋានទន្លេបាសាក់២ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រុមការងារពិសេសដោះស្រាយបញ្ហាបន្ទាន់ ក្នុងវិស័យស្រូវអង្ករកម្ពុជានេះ មានសមាសភាពមន្ត្រីជាន់ខ្ពស់ របស់សហព័ន្ធ ដែលសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ ជាមួយនឹងវិស័យស្រូវអង្ករនេះ។ ក្រុមការងារពិសេសបន្ទាន់នេះផងដែរ នឹងត្រូវធ្វើការងារពីរចំណុចសំខាន់ៗ គឺទី១ រកវិធីទប់ស្តាត់ការប្រកួតប្រជែង មិនស្មោះត្រង់ គ្មានតម្លាភាព នៃការហូរចូលអង្ករពីប្រទេសជិតខាង ដែលនាំឲ្យអាជីវកម្មក្នុងស្រុកជួបបញ្ហា ឈានទៅដល់ការបិទទ្វារផងដែរ និងទី២ គឺការស្នើកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាល យកមកប្រើប្រាស់ ដើម្បីជួយដល់សមាជិក ដែលរួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករជាដើម ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ឲ្យពួកគាត់អាចទទួលបានកម្ចី បន្តអាជីវកម្មរបស់ខ្លួនតទៅទៀតបាន។
លោក សុខ ពុទ្ធិវុធ បន្តទៀតថា ការទប់ស្កាត់ការនាំចូលអង្ករ ពីប្រទេសជិតខាងនោះ គឺសហព័ន្ធនឹងស្នើទៅដល់រាជរដ្ឋាភិបាល កំណត់នៅច្បាប់ទម្លាប់ នៃការនាំចូលឲ្យបានច្បាស់លាស់ ដោយកំណត់ឲ្យក្រុមហ៊ុននាំចូលអង្ករមកកម្ពុជា ត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយបង់ពន្ធគ្រប់ចំនួន មិនមានការបន្លំ និងឃុបឃិតជាមួយមន្ត្រីនោះឡើយ។
ចំណែកឯការស្នើសុំកម្ចីពីរាជរដ្ឋាភិបាល ត្រូវបានលោកប្រធានសហព័ន្ធអះអាងថា សហព័ន្ធនឹងស្នើសុំការចូលរួមជាមួយ ធនាគារអភិវឌ្ឍជនបទ (RDB) របស់រាជរដ្ឋាភិបាល ដើម្បីអាចទម្លាក់នូវហិរញ្ញបទាន ទឹកប្រាក់ប្រមាណពី២០ទៅ៤០លានដុល្លារ ជួយដល់សមាជិកសហព័ន្ធស្រូវអង្ករ ឲ្យទទួលបានថវិកាកម្ចីនេះ ទៅប្រើប្រាស់ក្នុងការប្រមូលទិញស្រូវ ក៏ដូចជាដំណើរការអាជីវកម្ម។
ជាមួយគ្នានេះដែរលោក ចាន់ សុឃាំង សមាជិកក្រុមព្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុនេះដែរ ក្រុមការងារពិសេស ដែលត្រូវបង្កើតឡើងនេះ នឹងរៀបចំនិតិវិធីច្បាស់លាស់មួយ ធ្វើយ៉ាងណាឲ្យមានតម្លាភាព ក្នុងការបែងចែកនៅកម្ចី ទៅដល់សមាជិករបស់សហព័ន្ធ ដែលជួបនៅបញ្ហាផ្អែកហរិញ្ញវត្ថុ។
លោក ភូ ពុយ ក៏បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវកម្ពុជា ដោយសារតែមានការនាំចូលអង្ករពីប្រទេសជិតខាង ក្នុងនោះបានធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវ បិទទ្វារមួយចំនួន ព្រោះថាពួកគាត់មិនអាចប្រកួតប្រជែង តម្លៃរបស់អង្ករនាំចូលពីប្រទេសជិតខាងបាន។
លោកឧកញ៉ា គឹម សាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ចំពោះការកំណត់ចំនួន ការនាំអង្ករពីប្រទេសជិតខាង គឺមិនអាចកំណត់ចំនួនបាននោះទេ ប៉ុន្តែបើតាមស្រាវជ្រាវក្រៅផ្លូវការ ក្នុងមួយឆ្នាំៗអាចមានអង្ករនាំចូលពីប្រទេសជិតខាង ប្រមាណចំនួនជាង១លានតោន ដែលចំនួនច្រើនជាង ការនាំចេញអង្កររបស់កម្ពុជា ហេតុនេះហើយបានជាធ្វើឲ្យអាជីវកម្ម ក្នុងស្រុកចេះតែបន្តបិទទ្វារ ពីមួយឆ្នាំទៅមួយឆ្នាំ។
យ៉ាងណាក៏ដោយអ្នកតាមដានស្ថានការណ៍សង្គម ជាពិសេសស្ថានភាពស្រូវអង្កររបស់កម្ពុជា បានសំដែងការសារទរចំពោះសហព័ន្ធដែលបានបង្កើតក្រុមការងារពិសេសបន្ទាន់ក្នុងការដោះស្រាយ បញ្ហាប្រឈមពាក់ព័ន្ធនេះ ហើយសង្ឃឹមថាបញ្ញាទាំងនេះនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាទទួលយកនិងដាក់ចេញវិធានការទប់ស្កាត់ទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជា ដែលពឹងផ្អែកលើវិស័យកសិកម្ម ពិសេសការដាំដុះស្រូវ៕