(កំពង់ចាម)៖ លោករដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបន្ដនាំយកអង្ករ១០តោន, មី៤០០កេស និងត្រីខ៤០០យួរ ជូនអាជ្ញាធរស្រុកកំពង់សៀម ទុកសម្រាប់ដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតពេលនេះ លោករដ្ឋមន្ត្រី វេង សាខុន និងសហការី ក៏បានអញ្ជើញមកពិនិត្យមណ្ឌលសុខភាពចត្តាឡីស័ក ដែលបានរៀបចំ ក្នុងបរិវេណវត្តភ្នំប្រុសភ្នំស្រី ផងដែរ។
នាពេលនេះ លោករដ្ឋមន្ដ្រីន បានផ្តល់ការណែនាំបន្ថែម ជូនដល់អាជ្ញាធរស្រុក មន្រ្តីសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យ ដែលនឹងចូលមកបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ ធ្វើយ៉ាងណាយកចិត្តទុកដាក់មើល ថែរក្សាសុខភាពជូនពួកគាត់ឲ្យបានល្អ និងដើម្បីជួយសម្រួលដល់ការលំបាក របស់វត្តទាក់ទងសន្តិសុខ អនាម័យ និងសណ្តាប់ធ្នាក់ លោកបានជួយឧបត្ថម្ភថវិកាចំនួន២,០០០,០០០រៀល។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារ ក៏បានអញ្ជើញមកពិនិត្យទីតាំង ដែលគ្រោងសាងសង់ស្នាក់ការបក្សឃុំក្រឡាផងដែរ។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងជាប្រធានក្រុមការងារឃុំក្រឡា បានជម្រាបជូនលោកជ្រាបថា ស្នាក់ការដែលគ្រោងសង់មានទំហំ ៧ម៉ែត្រ គុណ១៥ម៉ែត្រ ហើយនឹងចាប់ផ្តើម ធ្វើការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹង ប្រែងរបស់លោកប្រធានក្រុមការងារ ចះជួយឃុំក្រឡា ព្រមទាំងសហការី ក្នុងការរួមគ្នាទាំងកាយចិត្ត និងទ្រព្យធន ដើម្បីកសាងអគារស្នាក់ការបក្សនេះ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍បក្ស និងសង្គម នាពេលអនាគត៕