(មណ្ឌលគិរី)៖ ក្រុមមន្រ្តីយោធាដែលបម្រើការងារនៅ «គ៣» ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរងការចោទប្រកាន់ថា បានបាញ់សម្លាប់សត្វខ្ទីងជំទង់ ដ៏កម្រមួយក្បាល ដែលត្រូវបានក្រុមមន្រ្តី ព្រៃការពារមណ្ឌលគិរី ល្បាតប្រទះឃើញងាប់កណ្តាលព្រៃ ក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ត្រង់ចំណុចអូរផ្លាយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ។
លោក កែវ សុភ័គ អនុប្រធានព្រៃការពារមណ្ឌលគិរីបានថ្លែងប្រាប់ថា លោកមានការសោកស្តាយជាខ្លាំងបំផុត នៅពេលដែលសត្វកម្រនេះ ត្រូវបានគេបាញ់សម្លាប់ ជាបន្តបន្ទាប់ ហើយករណីនេះ ត្រូវបានមន្រ្តីព្រៃការពារមណ្ឌលគិរី ដាក់ការសង្ស័យទៅលើក្រុមយោធាក្នុងកងអនុសេនាធំទី3 (គ3) ស្រុកកោះញែក ពីព្រោះសាច់របស់សត្វខ្ទីងដែលត្រូវបានគេបាញ់សម្លាប់នោះ ត្រូវបានគេឃើញក្រុមយោធា កំពុងដាក់ហាលព្រោងព្រាតនៅទីនោះ។ លោក មូល ផាត ប្រធានអង្កការ WWF ប្រចាំខេត្តមណ្ឌលគិរី ក៏បានបញ្ជាក់ថា «ការបាញ់សម្លាប់សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅមណ្ឌលគិរី គឺកំពុងឈានទៅរកការបាត់បង់សត្វព្រៃបណ្តើរៗហើយ»។ លោកបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្ត ជួយបង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ដល់មន្រ្តីកងកម្លាំងក្នុងអង្គភាពមួយចំនួន ដែលកំពុងប្រើប្រាស់អាវុធ ដើម្បីបាញ់សម្លាប់សត្វព្រៃដ៏កម្រនេះ។ លោកបានលើកឡើងថា «យើងត្រូវនាំគ្នាថែរក្សាឱ្យបាននូវប្រភេទសត្វព្រៃ តូច-ធំ ក្នុងតំបន់នេះ ពីព្រោះបច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរីកំពុងមានការចាប់អារម្ភយ៉ាងខ្លាំងអំពីវិស័យធនធានធម្មជាតិព្រៃឈើ សត្វព្រៃដើម្បីបង្ហាញលើឆាកជាតិ និងអន្តរជាតិ»។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ដល់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះថា «ក្នុងករណីមានការបាញ់សម្លាប់សត្វខ្ទីងខាងលើនេះ ខ្ញុំនឹងស្នើឱ្យប្រធានអង្គភាពប្រដាប់អាវុធទូទាំង ខេត្តមណ្ឌលគិរីធ្វើយ៉ាងណាជួយស្រាវជ្រាវរកឱ្យឃើញអ្នកជាប់ពាក់ព័ន្ធ ដើម្បីប្រគល់ខ្លួនឱ្យតុលាការចាត់ការតាមផ្លូវច្បាប់ឱ្យខាងតែបាន»៕