(សៀមរាប)៖ ដើមឈើ និងប្រាសាទ រូបពីរជីវិតមួយ ញ៉ាំងទេសភាពនៅប្រាសាទតាព្រហ្មឱ្យកាន់តែលេចត្រដែតក្នុងចិត្តភ្ញៀវទេសចរគ្រប់គ្នា។ ប្រាសាទតាព្រហ្ម ជាប្រាសាទមួយដែលទាក់ទាញភ្ញៀវទេសចរ ដ្បិតថាប្រាសាទនេះមានលម្អដោយដើមឈើធំៗជាច្រើន ហើយដើមឈើទាំងនោះបានដុះចាក់ឫសទៅលើថ្មប្រាសាទ ដែលជាទិដ្ឋភាពដ៏អស្ចារ្យ។
ដើមឈើមានតួនាទីជាច្រើនសម្រាប់ការពារប្រាសាទ ដូចជាបង្កើតសំណើមដែលជួយកាត់បន្ថយកម្ដៅនៅតាមប្រាសាទ ផ្តល់ជាម្លប់ដល់ប្រាសាទដែលបង្កើតសំណើមក្នុងតំបន់ប្រាសាទ ដែលសំណើមនោះនឹងជួយរក្សាលំនឹងគ្រឹះប្រាសាទដែលជាដីខ្សាច់ និងសារប្រយោជន៍មួយទៀត គឺជួយទប់ខ្យល់ ដែលខ្យល់ទាំងនោះអាចធ្វើឱ្យថ្មប្រាសាទរលុះ និងបាក់បែកបានដោយងាយ។
ជារួម ដើមឈើ និងប្រាសាទ ប្រៀបដូចជា រូបពីរមានជីវិតតែមួយ ដែលមានន័យថា ដើមឈើ និងប្រាសាទ បំពេញតម្លៃឱ្យគ្នាទៅវិញទៅមក ដោយមិនអាចខ្វះតួអង្គមួយណាបានឡើយ៕