(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកក្រុមទី៨B ៩B ១០B ជាបណ្ដោះអាសន្ននៃក្រុមហ៊ុន ហ្វាស មេកឃីង ឯ.ក (Fast Making) ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានបុគ្គលិកឆ្លងជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្មករ កម្មការិនី នៅក្រុមខាងលើត្រូវសហការជាមួយមន្ដ្រីសុខាភិបាល ដើម្បីផ្ដល់សំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំពោះនិយោជក នៃក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។ ក្នុងករណីកម្មករ កម្មការិនី ខកខានមិនបានទៅផ្ដល់សំណាកតាមកាលកំណត់ ត្រូវទៅផ្ដល់សំណាកនៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរលំនៅឋាន៕