(ភ្នំពេញ)៖ ខណៈដែលរដ្ឋសភា កំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីពនោះ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវឱ្យគណៈកម្មការជំនាញរដ្ឋសភា ទទួលយកយោបល់ពីភាគីនានា នៅក្នុងអង្គសិក្ខាសាលានេះ ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដើម្បីឱ្យច្បាប់នេះធ្វើយ៉ាងណាបម្រើដល់ ផលប្រយោជនន៍ សហជីព កម្មករ និងនិយោជក។
សម្តេច ហេង សំរិន បានអំពាវនាវបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីព នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។ ខណៈដែលសហជីពមួយចំនួន បានលើកគ្នាតវ៉ានៅខាងក្រៅរដ្ឋសភា ដើម្បីទាមទារឱ្យ អង្គសិក្ខាសាលាពន្យារពេលការពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់ សហជីពនិងទទួលយកនូវសំណើរបស់ពួកគេមួយចំនួន បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់នេះ ។
សម្តេច ហេង សំរិន បានលើកឡើងថា «រហូតមកដល់ពេលនេះ យើងនៅមិនទាន់មានច្បាប់សហជីពនៅឡើយ។ ការរៀបចំវេទិកា សភាដើម្បីពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពសហជីព ពិតជាមានសារសំខាន់និងសមស្របនឹងវឌ្ឍនភាព និងការរីកចំរើនរបស់ ប្រទេសកម្ពុជាដែលប្រឈមនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់ និងលើសកលលោក។
«ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់សមាជិក សមាជិកការ ព្រឹទ្ធសភា រដ្ឋសភាជាពិសេសគណៈកម្មការជំនាញនិងក្រុមការងារ ចំពោះកិច្ចរបស់រដ្ឋសភា ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់មតិយោបល់ សំណូមពរនិងអនុសាសន៍នានាដែលអ្នកចូលរួមទាំងអស់ បានលើកឡើង ដើម្បីយកមកពិនិត្យនិងពិចារណា សម្តៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់ ដ៏មានសារសំខាន់នេះ បម្រើផលប្រយោជន៍ជូនសហជីព កម្មករ និងនិយោជក និយាយដោយឡែក និងនិយាយរួមជូនសង្គមជាតិ»។
សេចក្តីព្រាងច្បាប់សហជីព មានចំនួន ១៧ជំពូក និង១០០មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី២១ចំណុចនេះបានធ្វើឡើងបន្ទាប់ពីក្រុម សហជីពធ្វើការតវ៉ាសម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះ៕