(ភ្នំពេញ)៖ មួយថ្ងៃពីរនេះមានមិត្តអ្នកអានដែលអះអាងថា ជាប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺ បានផ្ញើលិខិតចូលមកកាន់ការិយាល័យនិពន្ធ Fresh News ដោយសូមឲ្យនាយខ្វែកជួយខ្សឹបតាមវេទិកាហ្វ្រេសញូផង ក្រែងលោបានដឹងដល់ថ្នាក់ដឹកនាំ អាចជួយទប់ស្កាត់ទាន់ពីរឿងមន្ត្រីថ្នាក់ជាតិដែលជាយុវជនអត់មានបទពិសោធន៍
ការងាររដ្ឋបាលអាជ្ញាធរម្នាក់កំពុងតែប្រឹងប្រែងរត់ការ យកតំណែងអភិបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីអភិបាលបច្ចុប្បន្នត្រូវដល់អាយុចូលនិវត្តន៍ នាពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធករណីនេះមិត្តអ្នកអានខាងលើបានលើកឡើងថា លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននឹងដល់អាយុចូលនិវត្តន៍នាពេលឆាប់ៗនេះ ហើយអាចក្នុងខែមិថុនា ឬខែសីហាយ៉ាងយូរ។ ខណៈអភិបាលខេត្តកំពង់ស្ពឺ ជិតដល់អាយុចូលនិវត្តន៍ក៏លិចឮព័ត៌មានជាច្រើន ពីរឿងមន្ត្រីនាំគ្នាបុករុករត់ការយកតំណែងខាងលើនេះ ដោយក្នុងនោះគេដឹងថា មានទាំងមន្ត្រីថ្នាក់អភិបាលរងខេត្តកំពង់ស្ពឺស្រាប់ និងមន្ត្រីទៅពីក្រសួងមហាផ្ទៃ និងមន្ត្រីថ្នាក់ជាតិផ្សេងៗទៀតតែព័ត៌មានចុងក្រោយ ទំនងបានទៅលើមន្ត្រីជាយុវជនម្នាក់ ទៅពីថ្នាក់ជាតិដែលគេដឹងថា មិនធ្លាប់មានបទពិសោធន៍ការងារ ដឹកនាំជាមន្ត្រីនៅថ្នាក់ក្រោមជាតិនោះឡើយ ដោយគេលើកឡើងថា បេក្ខភាពរូបនេះទើបមានអាយុប្រមាណជាង ៣០ឆ្នាំប៉ុណ្ណោះ។
មិត្តអ្នកអានបានលើកឡើងបន្តថាខេត្តកំពង់ស្ពឺ បើយកអ្នកដឹកនាំវ័យក្មេងពេក ហើយអត់ធ្លាប់មានបទពិសោធន៍ការងារជាមន្ត្រីអាជ្ញាធរថ្នាក់ស្រុក ឬថ្នាក់ខេត្ត មកដឹកនាំអាចជួបបញ្ហា ព្រោះសូម្បីតែលោក អ៊ូ សំអួន អភិបាលខេត្តបច្ចុប្បន្ន លោកធ្លាប់កាន់ការងារអាជ្ញាធរតាំងពីថ្នាក់ឃុំ ធ្លាប់ធ្វើអភិបាលស្រុក ធ្លាប់ធ្វើអភិបាលរងខេត្ត ១០-២០ឆ្នាំមកហើយ ម្ល៉េះពេលខ្លះលោកទ្រោលសភាពការណ៍មិនចង់ជាប់ ចុះទម្រាំយកយុវជនអត់បទពិសោធន៍មកដឹកនាំទៀត តើអាចទៅរួចឬអត់? បើឲ្យធ្វើត្រឹមអភិបាលរងយកបទ ពិសោធន៍សិនក្រែងលោទៅរួចខ្លះ។
កាលពីថ្ងៃសុក្រទី០៤ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងចង្អុលបង្ហាញនូវការតម្លើង តួនាទីនៅតាមមូលដ្ឋានតែម្ដង ដូចជាអភិបាលខេត្ត ក្រុង ស្រុក និងថ្នាក់ក្រោមជាតិ គឺតម្រូវឲ្យជ្រើសរើសមន្ត្រីដែលនៅមូលដ្ឋាននោះតែម្ដង ដើម្បីរក្សាការពារសុចរិតភាព និងយុត្តិធម៌ និងកាត់បន្ថយនូវរាល់ការថ្នាំងថ្នាក់។
ឥឡូវគេចាំមើលថា តើគម្រោងរត់ការយកតំណែងអភិបាលខេត្តកំពង់ស្ពឺរបស់យុវជនឈ្មោះ រ័ត្ន តើបានជោគជ័យឬអត់?