(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អំណោយដល់ក្រុមគ្រួសារសព ចំនួន០៧គ្រួសារ នៅក្នុងសង្កាត់ចំនួន០៦ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សម្រាប់អំណោយរបស់សម្តេចទាំងទ្វេរ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានលោក ឃួង ស្រេង ចាត់ឱ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកទៅប្រគល់ជូនគ្រួសារសព។

អំណោយដ៏ថ្លៃថ្លានេះដោយក្នុង១គ្រួសារទទួលបានថវិកា ៥,០០០,០០០រៀល, អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព ។

ក្នុងឱកាសដ៏ក្តុកក្តួលនេះ លោកអភិបាលខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានសំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធគាត់ បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕