(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានស្នើបណ្តេញយោធិន (អាវុធហត្ថ) ម្នាក់ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារតែយោធិនរូបនេះ មិនគោរពតាមបទបញ្ជារបស់មេកើយ ឈប់សម្រាកមិនសុំច្បាប់ និងត្រូវរកឃើញថា បានចូលទៅតំបន់ក្រហមដោយគ្មានការអនុញ្ញាត។
ការសម្រេចបណ្តេញយោធិនម្នាក់នេះចេញពីក្របខណ្ឌកងទ័ព ក្នុងនាមជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខាងលើនេះ ត្រូវបាននាយឧត្តមសេនីយ៍បញ្ជាក់ថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលយោធិនរូបនេះ អាចនឹងនាំជំងឺចូលមកក្នុងបន្ទាយ ហើយធ្វើឲ្យមានការឆ្លងដល់កងកម្លាំងផ្សេងទៀត (បើសិនរកឃើញវិជ្ជមានកូវីដ១៩) ដូច្នេះរឿងនេះមួយ លោកត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ទោះកងកម្លាំងរូបនេះពាក់ស័ក្តិប៉ុន្មាន ឬមានតួនាទីប៉ុណ្ណាក៏ដោយ។
ចំណាត់ការភ្លាមៗរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានកើតឡើងក្រោយអាវុធហត្ថម្នាក់មានឈ្មោះ ហម វុទ្ធី មិនបានទៅយាមប្រចាំាការគោលដៅរបស់ខ្លួន ហើយមិនបានរាយការណ៍សុំច្បាប់ត្រឹមត្រូវទៅមេកើយរបស់ខ្លួន និងបែរជាចូលទៅតំបន់ក្រហម ដែលមានការឆ្លងជំងឺកូវីដខ្លាំងទៅវិញ។
នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា យោធិនម្នាក់នេះមានឈ្មោះបំពេញបេសកកម្មចូលរួមប្រចាំគោលដៅបិទខ្ទប់រាជធានីភ្នំពេញ ប៉ុន្តែបុគ្គលរូបនេះ មិនបានសុំច្បាប់ទៅមេអង្គភាព មិនគោរពវិន័យ និងបានចូលទៅតំបន់គ្រោះថ្នាក់ (តំបន់ក្រហម) ដូច្នេះដើម្បីទប់ស្កាត់កូវីដចូលមកដល់កងកម្លាំងផ្សេងទៀត គឺត្រូវចាត់វិធានការរតាមកងកម្លាំងដោយដេញចោលតែម្តង។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់អាវុធហត្ថរូបនេះ គឺមានឈ្មោះនៅក្នុងកម្លាំងបេសកកម្មបិទខ្ទប់រាជធានីភ្នំពេញ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែបុគ្គលរូបហ្នឹង មិនគោរពវិន័យរបស់កងយោធពលខេមរភូមិន្ទទេ នៅពេលដល់ម៉ោង ដែលខ្លួនត្រូវយាម ខ្លួនមិនគោរពពេលវេលា ដោយបានធ្វើដំណើរ ដោយមិនបានសុំច្បាប់ប្រធានរបស់ខ្លួន បាត់មុខចេញពីខាងក្នុងអង្គភាព គាត់ទៅចោមចៅក្នុងតំបន់ក្រហម។ ពេលដល់ម៉ោងយាមប្រធានអង្គភាព ដាក់អ្នកផ្សេងយាមជំនួស...ដល់ម៉ោង៨ គាត់ចូលខ្លួនមកក្នុងអង្គភាព។ យើងសួរនាំទៅ គាត់ដែលគ្មានវិន័យបានចូលទៅតំបន់គ្រោះថ្នាក់ហ្នឹង ដែលកំពុងប្រឈមនឹងឆ្លងរាលដាលហ្នឹង ដូច្នេះក្នុងវិធានការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ចូលមកក្នុងកងកម្លាំង... ការឆ្លងមួយ ឆ្លងពីរ ត្រូវធ្វើចត្តាឡីស័កអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ១៤ថ្ងៃ ចឹងទេវិន័យរបស់កងកម្លាំង គឺដេញចេញ និងលុបឈ្មោះចេញពីកងយោធពលខេមរភូមិន្ទតែម្តង...»។
នាយឧត្តមសេនីយ៍ សៅ សុខា បានគូសរំលេចថា សម្រាប់កងទ័ពត្រូវតែមានវិន័យ ហើយជំងឺកូវីដរឹតតែធ្វើឲ្យយើងមានវិន័យថែមទៀត ព្រោះបុគ្គលម្នាក់អាចបំផ្លាញអង្គភាពឲ្យរលាយបាន បើសិនមានការឆ្លង ដូច្នេះក្នុងនាមលោកជាមេបញ្ជាការ ដឹកនាំកម្លាំងបញ្ជាមួយរូប ត្រូវមានការទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាល ចំពោះមុខកងយោធពលខេមរភូមិន្ទ ចំពោះមុខប្រជាជន និងចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមិនអាចបណ្តែតបណ្តោយឲ្យបុគ្គលទាំងនេះ នាំជំងឺមកបំផ្លាញកងកម្លាំង និងអង្គភាពបាននោះទេ ទោះបីជាមានការរិះគន់លោកដឹកនាំផ្តាច់ការក៏ដោយ គឺមិនអាចទទួលយកបាននោះទេ។
បើតាមនាយឧត្តមសេនីយ៍ បើសិនការនាំជំងឺមកចម្លងដល់អង្គភាព និងកងកម្លាំងផ្សេងទៀតនោះ នឹងអត់មានកម្លាំង ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនោះឡើយ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ៕
សូមស្តាប់ប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ខាងក្រោមនេះ៖