(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារ ៣ចំណុចធំៗ ដល់ប្រជាពលរដ្ឋ ដែលសារទាំងនោះជាវិធាន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

ការផ្ញើសារនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មានសុពលភាពចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

សារ ៣ចំណុចធំៗ ដែលមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ផ្តាំផ្ញើដល់ប្រជាពលរដ្ឋនោះរួមមាន៖
១៖ បុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយមេរោគកូវីដ១៩ ដោយមិនឲ្យវាឆ្លងមកខ្លួនទេ។ លោកស្រីផ្តាំថា ពេលទៅធ្វើការងារ ឬទៅប្រកបរបរទទួលទាន ត្រូវធ្វើយ៉ាងម៉េចកុំឲ្យឆ្លងកូវីដ១៩ តាមរយៈការអនុវត្តវិធានការ ៣ការពារ និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំង ហើយបើសិនជាគ្មានការចាំបាច់ត្រូវនៅផ្ទះ។

២៖ ទីតាំងលក់ដូរ ត្រូវអនុវត្តតាមវិធានសុខាភិបាល។ លោកស្រីផ្តាំថា ម្ចាស់ទីតាំង ឬម្ចាស់ទទួលខុសត្រូវទីតាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ ពេលដំណើរការបើកអាជីវកម្មរបស់ខ្លួន ដោយត្រូវគិតគូរពីសុវត្ថិភាពជាចម្បង។

៣៖ ការទទួលខុសត្រូវសង្គម។ លោកស្រីផ្តាំថា មិនត្រូវគិតថា រឿងកូវីដ១៩នេះ គឺជារឿងរបស់អ្នកនេះ ឬរឿងរបស់អ្នកនោះទេ ពោលក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍ ត្រូវចេះមើលកន្លែងណាឆ្លងខ្លាំង ហើយត្រូវចេះមើលគ្នាទៅវិញទៅមក និងត្រូវចូលរួមអនុវត្តវិធានសុខាភិបាលផងដែរ។

កន្លងទៅ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ៣សប្តាហ៍ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយសារជួបការរាលដាលជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,២៩៩នាក់, អ្នកជាសះស្បើយចំនួន ៥,៧៩១នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០,៣៩៤នាក់ និងអ្នកស្លាប់ចំនួន ១០៧នាក់៕