(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ នៅស្រុកសំរោង បានទទួលមរណភាព នៅវេលាម៉ោង១០ព្រឹកថ្ងៃនេះ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីជូនដំណឹងដដែលនោះ បានឲ្យដឹងថា បុរសដែលវិជ្ជមានជំងឺកូវីដ១៩ ហើយទទួលមរណភាពនេះ ឈ្មោះ សោម ស៉ីណាត អាយុ៤៥ឆ្នាំ។ ពេលចូលដល់សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត អ្នកជំងឺមានសភាពចុកណែនទ្រូងយ៉ាងខ្លាំង ថប់ទ្រូង និងទល់នោម ហើយសរីរាង្គផ្សេងៗទៀត មានសភាពចុះខ្សោយខ្លាំងផងដែរ។

ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត តែមិនអាចសង្គ្រោះអ្នកជំងឺបាន ចេះតែវិវត្តធ្ងន់ធ្ងរឡើងៗពេលនោះ ក្រុមគ្រូពេទ្យក៏នៅបន្ដសង្គ្រោះ តែមិនអាចសង្គ្រោះបានក៏ទទួលមរណភាព។

មុនស្លាប់ក្រុមគ្រូពេទ្យបានសម្រេចយកសំណាកពីច្រមុះ ដើម្បីធ្វើតេស្ដរហ័សកូវីដ១៩ លទ្ធផលបង្ហាញថា វិជ្ជមានជំងឺកូវីដ១៩។ បន្ទាប់មកទៀត ក្រុមគ្រូពេទ្យបានសម្រេចធ្វើតេស្ដបញ្ជាក់ឡើងវិញដោយសំណាកច្រមុះ និងបំពង់ក ប្រើប្រាស់ដោយបច្ចេកទេសម៉ាស៉ីន លទ្ធផលបង្ហាញថា វិជ្ជមានជំងឺកូវីដ១៩ដដែល។

ការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺឈ្មោះ សោម ស៉ីណាត បានស្លាប់ដោយសារជំងឺស្ទះសរសៃឈាម និងមានវិជ្ជមានជំងឺកូវីដ១៩៕