(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា រដ្ឋមន្ត្រីសង្គ្រាម (IS Minister of war) របស់ក្រុមសកម្មប្រយុទ្ធ ISIS លោក Tarkhan Tayumurazovich Batirashvili បានទទួលមរណភាពហើយ ក្នុងការវាយប្រហារតាមដែនអាកាស របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦។
តាមពិតការវាយប្រហារ នោះធ្វើឡើងតាំងពីថ្ងៃទី០៤ ខែមីនា មកម្ល៉េះ ទៅលើមូលដ្ឋានដ៏ធំមួយរបស់ពួក ISIS ក្នុងខេត្ត ហ្សាដដាឌី (Shaddadi) នៃប្រទេសស៊ីរី ក្នុងនោះលោក Batirashvili ជាជនជាតិដើមមកពី ហ្សកហ្ស៊ី ដែលត្រូវបានគេស្គាល់រហ័សនាមថា «Omar the Chechen» និងត្រូវជា មន្ត្រីជាន់ខ្ពស់ដ៏សំខាន់ទទួលបន្ទុកសង្គ្រាម ប្រហែលជាបាត់បង់ជីវិតជាមួយនឹងកងកម្លាំងហែរហមរូបលោកចំនួន ១២នាក់ផ្សេងទៀត។
យ៉ាងណាក៏ដោយក្រសួងការពារជាតិអាមេរិក បាននិងកំពុងទាក់ទងទៅកាន់កងកម្លាំងរបស់ខ្លួននៅអ៊ីរ៉ាក់ ដើម្បី រកភស្តុតាងបញ្ជាក់ឲ្យប្រាកដថា ថ្នាក់ដឹកនាំកំពូលរបស់ ISIS ដូចខាងលើនេះ ពិតជាបានស្លាប់មែន។ បុគ្គលដូច ជាលោក Batirashvili ពិតជាមានសារៈសំខាន់ណាស់ចំពោះ ISIS ព្រោះថាកន្លងមក លោកបានកាន់តួនាទីជាអ្នក បង្វឹក និង បញ្ចុះបញ្ចូលសមាជិកពីក្រៅប្រទេស ឲ្យមកចូលរួមប្រយុទ្ធ ហើយវានឹងផ្តល់ផលអាក្រក់ខ្លាំងសម្រាប់ ISIS ប្រសិនបើ Batirashvili បាត់បង់ជីវិតមែន៕