(ភ្នំពេញ)៖ កម្មការិនីរោងចក្រពីររូបនៅក្នុងខណ្ឌកំបូល បានសារភាពថា ពួកគេពិតជាយល់ច្រឡំលើព័ត៌មានវ៉ាក់សាំង ព្រោះតែព័ត៌មានបំពុលលើបណ្តាញសង្គម ហើយបានរារាំងចិត្តពួកគេមិនឱ្យទទួលវ៉ាក់សាំងនៅគ្រាដំបូង។

ក្រោយរងការយាយីខ្លាំងពីជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ បានសម្រេចដាក់ចេញផែនការការចាក់វ៉ាក់សាំងជូនពលរដ្ឋជាសេនារីយោដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាលចិននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយទទួលបានជំនួយវ៉ាក់សាំងនេះ កម្ពុជា ក៏បើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ។

ទន្ទឹមនឹងការចាប់ផ្តើមចាក់វ៉ាក់សាំងដែលជាជំនួយពីប្រទេសចិននេះ ក៏មានចលនាបន្ទុចបង្អាក់ប្រជាពលរដ្ឋមិនឱ្យទៅចាក់វ៉ាក់សាំងពីសំណាក់ក្រុមមានចលនាប្រឆាំងនៅក្រៅប្រទេស ដែលមានលោក សម រង្ស៉ី ជាមេចលនា។ ក្រុមប្រឆាំងដែលតែងតែប្រឆាំងរាល់ផែនការរបស់រាជរដ្ឋាភិបាលនេះ ពួកគេបានព្យាយាមផ្សព្វផ្សាយថា វ៉ាក់សាំងរបស់ចិន នាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងជំរុញឱ្យប្រជាពលរដ្ឋកុំចាក់វ៉ាក់សាំងជាដើម។

ព័ត៌មានបំភ្លៃការពិតរបស់ក្រុមប្រឆាំង ដែលចែកចាយតាមបណ្តាញសង្គម បាននាំឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការទៅទទួលវ៉ាក់សាំង។

កម្មការិនីរោងចក្រកាត់ដេរនៅខណ្ឌកំបូលម្នាក់ បានប្រាប់ Fresh News ថា ដំបូងរូបគេបានទទួលព័ត៌មានបំភ្លៃពីគ្រោះថ្នាក់របស់វ៉ាក់សាំងតាមរយៈការចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក។ កម្មការិនីរោងចក្ររូបនេះ បានបញ្ជាក់ថា ពេលឮព័ត៌មាននេះភ្លាម ក៏គិតថាមិនហ៊ានចាក់នោះឡើយ។

កម្មារិនីម្នាក់ទៀត ជាអ្នកមកពីខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងដែរថា ព័ត៌មានបំភ្លៃរឿងគ្រោះថ្នាក់វ៉ាក់សាំង ធ្វើឱ្យរូបគេមិនព្រមចាក់វ៉ាក់សាំងផងដែរ។ កម្មការិនីរូបនេះ បានបញ្ជាក់ថា ព័ត៌មានដែលរូបគេទទួលបានតាមបណ្តាញសង្គមហ្វេសប៊ុកដែរនោះថា វ៉ាក់សាំងធ្វើឱ្យមានជំងឺ និងមានគ្រោះថ្នាក់ដល់សុខភាពជាដើម។

កម្មការិនីរូបនេះ បានបញ្ជាក់ដូច្នេះ «រោងចក្រគេដើរកត់ ហើយសម្រេចចិត្តថាអត់ចាក់ទេ។ គេកត់ឈ្មោះគេសួរថាចាក់អត់? កាលណុងខ្ញុំថា ខ្ញុំអត់ហ៊ានចាក់ទេ»

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កម្មការិនីទាំងពីររូបនេះ បានទៅចាក់វ៉ាក់សាំងហើយ ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅតំបន់ក្រហម។ កម្មការិនីទាំងពីររូប បានបញ្ជាក់ថា ការដែលពួកគេសម្រេចចិត្តមកចាក់វ៉ាក់សាំង បន្ទាប់ពីបានឃើញមនុស្សជាច្រើនបានចាក់វ៉ាក់សាំង ហើយមិនមានបញ្ហាដល់សុខភាព។

ក្រោយពេលបានចាក់វ៉ាក់សាំង កម្មការិនី ដែលធ្លាប់ចាញ់បោកព័ត៌មានបំភ្លៃបានបង្ហាញការសោកស្តាយ ហើយបានបញ្ជាក់ថា សុខភាពរបស់ពួកគេមិនមានការប្រែប្រួលអ្វីនោះឡើយ គឺល្អជាធម្មតា។ ក្រោយពេលបានចាក់វ៉ាក់សាំង កម្មការិនីទាំងពីររូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនីដទៃទៀត ឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមិនត្រូវបារម្ភតាមការញុះញង់ព័ត៌មានមួយចំនួននោះឡើយ។

ជាមួយនឹងការទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ដូសដំបូង ស្ត្រីជាកម្មការិនីទាំងពីររូប ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងមកការពារសុខភាពរបស់ពួកគេ។

វ៉ាក់សាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាឧបករណ៍យុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ថែមពីលើវិធានការពារទាំងឡាយរបស់សុខាភិបាល។ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ១លាន ៨០ម៉ឺននាក់ហើយ ជាមួយនឹងការទទួលបានវ៉ាក់សាំងជាង ៤លានដូស។

រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់នៅត្រឹមឆមាសទី១ ឆ្នាំ២០២២ ដើម្បីបង្កើតភាពសុាំការពារការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេស៕