(ឧត្តរមានជ័យ)៖ ពូជមាន់ស្រែចំនួន ៥៦០ក្បាល ចំណី និងសម្ភារជាច្រើនមុខទៀត ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នាំយកទៅចែកជូនដល់សមាជិកសហគមន៍ការពារព្រៃឈើសាមគ្គី នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីធ្វើការចិញ្ចឹមលើកកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង ស្របពេលនិងវិបត្តិជំងឺកូវីដ១៩។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះថា គោលបំណង នៃការចែកមាន់ស្រែ ចំណី និងសម្ភារនៅពេលនេះ គឺក្នុងគោលបំណងជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រៃឈើ ឲ្យគាត់មានប្រាក់ចំណូលកើនឡើង តាមរយៈការចិញ្ចឹមមាន់ដោយផ្សារភ្ជាប់ជាមួយទីផ្សារ ដែលមានអ្នកចាំទទួលទិញ សម្រាប់លក់ដូរក្នុងស្រុកនិងនាំចេញទៅទីផ្សារក្រៅស្រុក។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះទៀតថា ការចែកពូជមាន់ស្រែនិងចំណី សម្ភារ ជូនសមាជិកសហគមន៍ការពារព្រៃឈើនៅពេលនេះ គឺជាកម្មវិធីដែលគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ថវិកាសម្រាប់ឆ្នាំ២០២១។

គម្រោងនេះ នឹងមានបន្តទៀតរហូតរាប់រយគ្រួសារ ពេលនេះយើងកំពុងជ្រើសរើសសហគមន៍ព្រៃឈើផ្សេងៗទៀតដែលមានសក្តានុពល ដើម្បីចែកពូជមាន់ដូចគ្នា ថែមទាំងមានបង្រៀនពីបច្ចេកទេសនិងស្វែងរកទីផ្សារជូនពួកគាត់ ធ្វើយ៉ាងណាមិនអោយពួកគាត់ព្រួយបារម្ភរឿងទីផ្សារ។

លោកបានឲ្យដឹងទៀតថា មកដល់ថ្ងៃនេះ ចំនួនប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ គឺយើងបានចែកជូនពូជមាន់ស្រែ ចំណីនិងសម្ភារ រហូតដល់់២៥គ្រួសារហើយ។ ដោយឡែកនៅថ្ងៃនេះ យើងចែកជូន១៤គ្រួសារទៀត ដោយក្នុងមួយគ្រួសារទទួលបានពូជមាន់ស្រែចំនួន៤០ក្បាល ស្នូកដាក់ចំណី១ ស្នូកដាក់ទឺក១ និងចំណី១ការ៉ុងផងដែរ៕