(ស្វាយរៀង)៖ ជនជាតិចិនចំនួន៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រុកស្វាយទាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ១ ឃាត់ខ្លួនសួរនាំបន្ទាប់ពីម្ចាស់រថយន្តតាក់ស៊ី បានដឹកមកទម្លាក់ចោល នៅចំណុចខាងកើតវិទ្យាល័យ ហ៊ុន សែន ប្រសូតិ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

សមត្ថកិច្ចបានឱ្យដឹងថា «ជនជាតិចិនទាំង៦នាក់ ត្រូវបានរថយន្តតាក់ស៊ី ឱ្យចុះដើរវាងប៉ុស្តិ៍សមត្ថកិច្ច និងវាងភូមិទៅតាមវាលស្រែក្រោយផ្ទះអ្នកស្រុក ខណៈនោះត្រូវប្រជាពលរដ្ឋបានឃើញក៏ប្តឹងសមត្ថកិច្ចថា មានជនជាតិចិន៦នាក់ ដើរមកពីផ្លូវជាតិលេខ១ តាមវាលស្រែឆ្ពោះទៅស្រុកកំពង់រោទិ៍។ ខណៈនោះសមត្ថកិច្ចក៏បានតាមប្រមាញ់ស្ទាក់នៅផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិប្រសូតិ០១ ឃុំកណ្លៀ ងរាយ ស្រុកស្វាយទាប ក៏ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប បង្ក្រាបបានតែម្តង»

សមត្ថកិច្ចបានបន្តថា ជនជាតិចិនទាំង៦នាក់នេះមានទី១៖ ឈ្មោះ លូន ឃុន ភេទប្រុស អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ តាំង ឡាំង ភេទប្រុស អាយុ២២ឆ្នាំ, ទី៣៖ ឈ្មោះ ឆេង ជិនតាវ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ ទូ ជាអូ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៥៖ ឈ្មោះ ហ្វាង ចូអ៊ី ភេទប្រុស អាយុ២១ឆ្នាំ និងទី៦៖ ឈ្មោះ ចាង អ៊ីឆឹង ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងអស់មានទីលំនៅប្រទេសចិន។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនជាតចិនទាំង៦នាក់នេះ ចូលមកកម្ពុជា ក្នុងគោលបំណងរកការងារធ្វើ ដោយគ្មានប៉ាស្ព័រទាំងអស់។

ប្រភពបានបង្ហើបប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា «ម្ចាស់រថយន្តតាក់ស៊ីសង្ស័យជាដឹកជនជាតិចិន៦នាក់ខាងលើ មកពីក្រុងបាវិត តាមផ្លូវជាតិលេខ១ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ឃើញសមត្ថកិច្ច ដាក់កម្លាំងត្រួតពិនិត្យយានយន្តតាមដងផ្លូវទើបទម្លាក់ជនជាតិចិន ឱ្យដើរវាងហើយរថយន្តបើកទៅចាំនៅខាងមុខក៏ប៉ុន្តែទំនងជនជាតិចិន មិនស្គាល់ភូមិសាស្ត្រ ច្បាស់ទើបមិនហ៊ានដើរវាងឆ្ងាយពីផ្ទះអ្នកស្រុកក៏ត្រូវអ្នកស្រុកបានឃើញប្តឹងសមត្ថកិច្ចតែម្តង»។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនមកសាកសួររួចក៏ហៅរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកជនជាតិចិនទាំង៦នាក់ ទៅយកសំណាកពិនិត្យភ្លាមៗ ធ្វើតេស្តរហ័សលទ្ធផលអវិជ្ជមានទាំង៦នាក់ ក៏ប៉ុន្តែ នៅព្រឹកថ្ងៃទី៤ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចត្រូវដាក់ជនជាតិចិនខាងលើឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ផ្ទះសំណាក់គ្រូបង្រៀនក្រុងស្វាយរៀង ហើយនឹងបន្តធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តតាក់ស៊ីខាងលើនោះ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ចំណែកវត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃចំនួន ០៥គ្រឿង។