(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសឡាវ នាចុងសប្តាហ៍នេះ។ ទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing THAMMAVONG) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
គណៈប្រតិភូមដំណើរសម្តេចតេជោ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ។ ប៉ុន្តែមិនបានបញ្ជាក់អំពីរបៀបវារៈ នៃជំនួបខាងមុខនេះទេ៕