(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បន្ទាប់ពីកាន់តំណែងបានជិត២ឆ្នាំ លោកបានសម្រេចសាងសង់ រង្វង់មូលមួយកន្លែង នៅផ្លូវបំបែកជា៤ ត្រង់ចំណុចច្រមុះជ្រូកផ្សារចាស់ ជិតរួចរាល់ហើយ ដោយដាក់រូបអ្នកគ្រូកាន់ដៃសិស្សប្រុសស្រី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជាក់ស្តែងនាឱកាសចុះពិនិត្យមើល ការស្ថាបនាគូសគំនូសចែកទ្រូងផ្លូវ ចាប់ពីក្បាលស្ពានថ្ម ដល់ចុងកោះ ផ្លូវលេខ១០១ របស់មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃ០៩ ខែមីនា ឆ្នាំ២០១៦នេះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានឲ្យមន្ទីរសាធារណការ ធ្វើការសិក្សាគម្រោងរង្វង់មូលថ្មីមួយទៀត នៅចំណុចផ្លូវបំបែកជាបួន គល់ស្ពានថ្មថ្មី ផ្លូវលេខ១០១ ដើម្បីកែសម្រួលចរាចរណ៍ ក៏ដូចជាអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
លោក ម៉ៅ ធនិន ក៏បានឲ្យដឹងថា កន្លងមកត្រង់ចំណុចផ្លូវបំបែកជាបួន គល់ស្ពានថ្មថ្មី ផ្លូវលេខ១០១ តែងតែជួបគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់។ ដោយពិនិត្យឃើញជួបបញ្ហាបែបនេះ ទើបលោក ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការសិក្សាគម្រោង រង្វង់មូលថ្មីមួយទៀត ដើម្បីធ្វើការពិគ្រោះយោបល់គ្នាក្នុងកិច្ចប្រជុំគណៈអភិបាល និង ក្រុមប្រឹក្សាខេត្ត ។
លោកអភិបាលខេត្ត បានបន្តទៀតថា ក្រៅពីរង្វង់មូលច្រមុះជ្រូកផ្សារចាស់ដែលសង់ជិតរួចរាល់ នៅមានសមិទ្ធិផលជាច្រើនដូចជា៖ សំណង់អគារដ៏ធំរបស់រដ្ឋបាលសាលាខេត្ត ដែលបាននឹងកំពុងស្ថាបនាសព្វថ្ងៃនេះ ការរៀបចំផ្សារ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ការជួសជុល និង ស្ថាបនាផ្លូវកៅស៊ូ សួនច្បារតាមមាត់ស្ទឹង និង ភ្លើងបំភ្លឺតាមដងផ្លូវជាដើម ។
លោកអភិបាលខេត្ត បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ចេះគោរពច្បាប់ចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និង ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសជួយការពារអាយុជីវិត របស់បងប្អូនយើងទាំងអស់គ្នា ។
ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានគាំទ្រ និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និង ម៉ឺងមាត់ របស់ លោក ម៉ៅ ធនិន អភិបាលខេត្ត ហើយក៏សង្ឃឹមថា ខេត្តពោធិ៍សាត់ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃនោះទេ ៕