(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះបានចេញសេច្តីណែនាំ ដល់គណៈអភិបាលរាជធានី-ខេត្ត ឲ្យពិនិត្យក្នុងការដាក់ ចេញបម្រាមគោចរ ពីចន្លោះម៉ោង៨យប់ ដល់ម៉ោង៣ទៀបភ្លឺ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងដើម្បីក្លាយជាយន្តការមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
ទោះបីណែនាំឲ្យមានការដាក់ចេញនូវម្រាមគោចរ ពីចន្លោះម៉ោង៨យប់ ដល់ម៉ោង៣ទៀបភ្លឺក្តី សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យគណៈអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការធ្វើដំណើរបន្ទាន់ និងចាំបាច់មួយចំនួនទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា «គណៈអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញ បម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែត្រូវយកចិត្តទុកដាក់ធានា ឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ បរិក្ខាវេជ្ជសាស្រ្តផ្សេងទៀត, ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈអភិបាលរាជធានី ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវដ-១៩ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ, ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្តនានា និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬដែលមិនធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញគណៈអភិបាលរាជធានីខេត្ត ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់
បម្រើឱ្យភូមិសាស្រ្តរបស់ខ្លួន ឬបម្រើឱ្យផលប្រយោជន៍ទូទៅ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាប្រតិបត្តិការ ផ្នែកទូរគមនាគមន៍, សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល, ឱសថស្ថាន, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រ ដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្តផ្សេងទៀត ព្រមទាំងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការ ផ្នែកសុខាភិបាលរួចរាល់ ក្នុងការកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក៕