(ភ្នំពេញ)៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតរហូតមកដល់ពេលនេះ អតិថិជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាង៣០ម៉ឺនគ្រួសារហើយ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទាន ជាង៣ពាន់លានដុល្លារ។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កាំង តុងងី អញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ការសម្រួលទុក្ខលំបាកពលរដ្ឋ ប្រើប្រាស់កម្ចីពីធនាគារ-មីក្រួហរិញ្ញវត្ថុ ពេលបិទខ្ទប់»

លោក កាំង តុងងី បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ ការរៀបចំឥណទានបន្ថែម ក្នុងវិស័យហរិញ្ញវត្ថុទាំងមូល (ទាំងធនាគារ និងមីក្រូហិរញ្ញវត្ថុ) គឺយើងផ្ដល់ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនជាង៣០ម៉ឺនគ្រួសារហើយ ក្នុងទំហំឥណទានជាង៣ពាន់លានដុល្លារ»

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ទៀតថា ការរៀបចំឥណទានឡើងវិញនេះ នឹងនៅតែបន្ដរហូត ដរាបណាអតិថិជន នៅតែបន្ដរងផលប៉ះពាល់នឹងជំងឺកូវីដ-១៩។

បន្ថែមពីនោះទៀត លោក កាំង តុងងី បានឲ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២១ ការស្នើសុំការរៀបចំឥណទានឡើងវិញ របស់អតិថិជនដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ គឺមានការកើនឡើងខ្ពស់ បើធៀបទៅនឹងមុនពេលព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ។

លោកបានឲ្យដឹងថា ក្នុងរយៈពេលរីករាលដាលជំងឺកូវីដ-១៩នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឲ្យសមាជិកទាំងអស់ មិនឲ្យមានការផ្អាកពិន័យ និងប្ដឹងអតិថិជនឡើងតុលាការ ឬក៏រឹបអូសវត្ថុបញ្ចាំងផ្សេងៗ គឺមិនអនុញ្ញាតជាដាច់ខាត ដោយសារតែយល់ឃើញថា អតិថិជនកំពុងតែរងគ្រោះ ដោយជំងឺកូវីដ-១៩។

លើសពីនោះទៀត លោក កាំង តុងងី បានគូសបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឲ្យសមាជិក បន្ដបញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬក៏ឥណទានស្ដារអាជីវកម្ម ទៅដល់ប្រជាពលរដ្ឋ ក្នុងអត្រាមួយដែលមានការប្រាក់ទាប។

បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានលុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យា រវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួន។

ក្នុងកាលៈទេសៈដ៏លំបាក ដែលបណ្តាលមកពីជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសកម្ម ជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការជួយដល់អតិថិជន ដែលរងផលប៉ះពាល់នេះ៕