(បាត់ដំបង)៖ រថយន្តដឹកដីមួយគ្រឿង បានបើកបុកអ្នកជិះម៉ូតូពីក្រោយ កិនស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងវេទនាគួរឲ្យអាសូរ យ៉ាងពន់ពេក នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ដដឹកដីរបស់ក្រុមហ៊ុនចិនមួយគ្រឿងម៉ាក Hino ពណ៌ខៀវ ពាក់ស្លាកលេខ ភព 3A-2650 បើកបរដោយជនមិនស្គាល់ឈ្មោះ (បានរត់គេចខ្លួន) បានបុកនឹងម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម បើកបរដោយឈ្មោះ ឈួន យឿន អាយុប្រហែល៥៧ឆ្នាំ មុខរបរធ្វើស្រែចំការ រស់នៅក្រុមទី៥ ភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានជួយដឹកយកទៅប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំណែកមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំភាគីទាំង២ចូលខ្លួន ធ្វើការដោះស្រាយតាមច្បាប់ ៕