(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលរបស់អង្គការ ស្បៀងអាហារពិភពលោក បានសម្រេចផ្តល់ជំនួយដល់ រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤៦លានដុល្លារទៀត សម្រាប់គម្រោងបន្ត២ឆ្នាំកន្លះបន្ថែម នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងរយៈពេល៥ឆ្នាំរបស់អង្គការនេះ គ្រោងនឹងបញ្ចប់ទៅខែកក្កដាខាងមុខ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ជាមួយ លោក Gianpietro Bordignon នាយកអង្គការស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ លោក ជុំ សុន្ទរី បានលើកឡើងថា ការផ្តល់ជំនួយនេះបានធ្វើឡើងតាមសំណើរបស់កម្ពុជាបន្ទាប់ពីអង្គការនេះ បានមើលឃើញថាកម្ពុជានៅតែត្រូវការជំនួយឧបត្ថម្ភនៅឡើយ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា អង្គការស្បៀងអាហារពិភពលោក បានផ្តល់ជំនួយ១៤៥លានដុល្លារ កាលពីឆ្នាំ២០១១ ដោយគម្រោងនេះនឹងបញ្ចប់នៅខែកក្កដាឆ្នាំ២០១៦ ហើយថាកាលពីថ្ងៃទី៩ ខែមុននេះក្រុមប្រឹក្សាភិបាលនៃអង្គការ ស្បៀងអាហារពិភពលោក បានសម្រេចបន្តផ្តល់ជំនួយដល់កម្ពុជា៤៦លានដុល្លារថែមទៀត សម្រាប់គម្រោងបន្តរយៈពេល២ឆ្នាំកន្លះ ដែលគម្រោងថ្មីនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៨។ លោកថាគម្រោងនេះ នឹងផ្តល់អាហារូបត្ថម្ភដល់កុមារ ជាពិសេសនៅជនបទ ហើយនិងលើកទឹកចិត្តកុមារទៅសាលារៀនតាមរយៈ ការផ្តល់អាហារជាដើម។
សូមបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានស្នើឱ្យអង្គការស្បៀងអាហារពិភពលោកពិនិត្យមើល លើការផ្តល់ជំនួយបន្ថែមដល់កម្ពុជា នៅពេលជួបគ្រោះមហន្តរាយ ហើយថាកម្ពុជានឹងបន្តស្នើឱ្យអង្គការស្បៀងអាហារពិភពលោក ជួយបន្តគម្រោងរបស់ខ្លួនថែមទៀត ទោះបីជាចប់គម្រោងថ្មី នៅឆ្នាំ២០១៨ក៏ដោយ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ដដែលនោះ៕