(ភ្នំពេញ)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបញ្ចប់ការព្យាបាលកូវីដ១៩ និងធ្វើចត្តាឡីស័ករួចរាល់រយ:ពេល ១៤ថ្ងៃ ដោយសារបុគ្គលរូបនេះ បានបំពានវិធានការរបស់សុខាភិបាល ពោលបានធ្វើតេស្តរកកូវីដ១៩រួច បែរជាមិនព្រមធ្វើចត្តាឡីស័ក ហើយថែមទាំងធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តតាកែវ។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បុគ្គលរូបនេះមានឈ្មោះ ពេជ កុសល បានគេចវេសមិនធ្វើចត្តាឡីស័ក កាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

លោកបានបន្តថា «នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ កុសល អាយុ២៩ឆ្នាំ មុខរបរអាជីវករនៅផ្សាអូឬស្សី ទៅតុលាការ ក្រោយជនសង្ស័យត្រូវបាន កម្លាំង សមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំម្ងឺកូវីដ១៩ឃាត់សួរនាំរួចរាល់»

សូមបញ្ជាក់ថា របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជិះម៉ូតូទៅជួបមិត្តភក្តិដែលស្នាក់នៅផ្សារអូរឫស្សី ហើយក៏បានឈប់ម៉ូតូបើករបាំង មួកសុវត្ថិភាពនិយាយគ្នា។

បន្ទាប់មកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថា មិត្តភក្តិដែលបាននិយាយគ្នាកាលពីថ្ងៃទី២១ មានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ ក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ដោយទទួលលទ្ធផលអវិជ្ជមាន រួចសាមីខ្លួនបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

បន្ទាប់មកឈ្មោះ ពេជ កុសល បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ជាលើកទី២ ដោយទទួលបានលទ្ធផលអវិជ្ជមាន ហើយខ្លួនក៏បន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ហើយក៏បានទៅផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ជាលើកទី៣ រួចបន្តធ្វើចត្តាឡីស័កនៅផ្ទះដើម្បីរង់ចាំលទ្ធផល។

លុះដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទី មុនពេលចេញលទ្ធផលវិភាគរកមេរោគកូវីដ១៩ ឈ្មោះ ពេជ កុសល បានជិះម៉ូតូរបស់ខ្លួនឌុបប្រពន្ធចេញពីផ្ទះដែលជាទីតាំងដាក់ចត្តាឡីស័ក ទៅផ្ទះម្តាយដែលស្ថិតនៅភូមិព្រៃភ្នំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសុខាភិបាលបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលវិជ្ជមានជំងឺកូវី
ដ១៩ ប៉ុន្តែសាមីខ្លួនបានទៅដល់ផ្ទះម្តាយ ដែលស្ថិតនៅខេត្តតាកែវទៅហើយ។

ក្រោយមានលទ្ធផលវិជ្ជមាន ក្រុមគ្រូពេទ្យ បានសហការគ្នាទៅយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ជាសះស្បើយ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការតែម្តង៕