(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថាក្បាលគ្រាប់ នុយក្លេអ៊ែរ របស់ប្រទេសនេះ បានត្រៀមទុកយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតអស់ហើយ ដោយអាចបំពាក់លើគ្រាប់មីស៊ីល គ្រប់ពេលវេលា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់សេចក្តីរាយការណ៍ពី សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦។
សារព័ត៌មានបន្តទៀតថា លោក គីម ជុងអ៊ុន បានជួបពិភាក្សាជាមួយក្រុមអ្នកវិទ្យាសាស្ត្រជំនាញៗរបស់រដ្ឋ ព្រមទាំងក្រុមបច្ចេកទេស ដើម្បីសិក្សាស្វែងយល់ឲ្យបានប្រាកដប្រជាបំផុត ចំពោះការត្រៀមបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ និងការកសាងទីតាំងសុវត្ថិភាពដើម្បីផ្ទុកសព្វាវុធទាំងនោះ។
នៅក្នុងនោះដែរ មេដឹកនាំកូរ៉េខាងជើង បានលើកឡើងពីគោលគំនិតសំខាន់របស់លោក ដែលបាន និង កំពុង ព្យាយាមបង្កើនកម្លាំងនុយក្លេអ៊ែរនេះ គឺក្នុងន័យទប់ទល់មិនឲ្យមានសង្គ្រាមនុយក្លេអ៊ែរ ហើយបើកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ កាន់តែច្រើនកាលណានោះ អំណាចរបស់ខ្លួនក៏កាន់តែខ្លាំង ដែលអាចមានប្រៀបនៅក្នុង ទប់ស្កាត់ភាពគឃ្លើន នឹង សង្គ្រាមនុយក្លេអ៊ែរ ទាំងឡាយបាន។
លោក គីម ត្រូវបាន KCNA ដកស្រង់សម្តីដូច្នេះថា «វាជាផ្លូវមួយដែលគួរឲ្យទុកចិត្តបំផុត ដើម្បីការពារប្រទេសនេះ មិនឲ្យជួបភាពអន្តរាយណាមួយដោយសារនុយក្លេអ៊ែរ។ ដូច្នេះយើងត្រូវតែ បង្កើន កម្លាំងផ្នែកនុយក្លេអ៊ែរ ទាំងគុណភាព និងបរិមាណ»៕