(ភ្នំពេញ)៖ លោក វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងផែនការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ បុគ្គលិក្រុមហ៊ុន មន្ត្រីរាជការ និងជនបរទេសទូទៅ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅតាមការកំណត់របស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃ។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ និងគាំទ្រពីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងផែនការ ដែលបានដំណើរការ និងសម្របសម្រួល សហការគ្នារវាងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជនសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យផែនការ បានធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងជនបរទេសទូទៅ ក្នុងខណ្ឌបឹងកេងកងនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យគួរជាទីមោទនៈ។

ជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២ ក្នុងរយៈពេល១៤ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ បុគ្គលិក្រុមហ៊ុន មន្ត្រីរាជការ និងជនបរទេសទូទៅ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានមកទទួលការចាក់វ៉ាក់សាំងដូសទី២ បានចំនួន ២,៣២១នាក់ (ស្រី ចំនួន១,២៦០នាក់)។

គួររំលឹកផងដែរថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី១ ជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការ រយៈពេល៤ថ្ងៃកន្លងមក កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងផែនការ ក្រោមកិច្ចសហការគ្នា រវាងក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនវិស័យផែនការ បានផ្តល់ការចាក់វ៉ាក់សាំងបានចំនួន ១,១៣៦នាក់ (ស្រី ចំនួន ៤៨១នាក់)។

ជាលទ្ធផលរួមរបស់ក្រុមការងារខាងលើ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទាំងដូសទី១ និងដូសទី២ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៨ថ្ងៃ គឺសម្រេចបានការផ្តល់សេវាចាក់វ៉ាក់សាំងបានសរុបចំនួន ៣,៤៥៧ នាក់ (ស្រី ចំនួន ១,៧៤១នាក់)។

ថ្លែងក្នុងឱកាសពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ក្នុងមណ្ឌលក្រសួងផែនការ លោករដ្ឋលេខាធិការ និងជាប្រធាន អ.គ.វ.ក១៩ ក្រសួងផែនការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជូនចំពោះប្អូនៗកូនក្មួយជាក្រុមយុវជន ជាក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង សុខចិត្តឈរជួរមុខប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងមេរោគកូវីដ១៩ ដ៏កាចសាហាវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការផ្តល់នូវសេវាចាក់វ៉ាក់សាំងបង្ការកូវីដ១៩ សម្រេចបាននាពេលនេះ។ ទឹកចិត្តរបស់ប្អូនៗកូនក្មួយ គ្មានអ្វីមកកាត់ថ្លៃបាននោះទេ មានការថ្លែងអំណរគុណ កោតសរសើរ និងជូនពរប្អូនៗកូនក្មួយទាំងអស់ មានសុខភាពល្អបរិបូរណ៌ ប្រាជ្ញាឆ្លាតវាងវៃ និងជោគជ័យគ្រប់ភារកិច្ច ជាមួយរាជរដ្ឋាភិបាល និងបន្តជាយុវជនបន្តវេនដ៏មានសក្តានុពលរបស់ជាតិ មាតុភូមិកម្ពុជា។

ជាមួយនេះដែរ លោកប្រធាន.អ.គ.វ.ក១៩ ក្រសួងផែនការ ក៏បានថ្លែងនូវការគោរពថ្លែងអំណរគុណ និង ដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព សុខភាពសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេសកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងបង្ការកូវីដ១៩ ចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និង សូមអរគុណចំពោះ ក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចមិនគិតថ្ងៃយប់ ក្នុងការចូលរួមការផ្តាច់ការចម្លងកូវីដ១៩ក្នុងសហគមន៍ និងពីកម្ពុជា។

ក្នុងនេះដែរ លោកក៏សូមអរគុណ ដល់សប្បុរសជនទាំងអស់ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងផែនការ ដែលជានិច្ចជាកាលតែងតែផ្តល់នូវការគាំទ្រ និងឧបត្ថម្ភដល់ក្រុមការងារ បានចូលរួមចំណែកក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត នូវទឹកចិត្តដ៏ថ្លៃថ្លាបំផុត របស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដែលលោកជានិច្ចជាកាលយកចិត្តទុកដាក់ ទំនុកបំរុង ផ្តល់អនុសាសន៍ណែនាំជាប្រចាំ ទើបក្រុមការងារយើងទាំងអស់សម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាថ្ងៃនេះ។

ជាចុងក្រោយ សូមគោរពអរគុណដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌ ទូទាំងប្រទេសដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន បានផ្តល់នូវសេចក្តីទុកចិត្ត ផ្តល់នូវវ៉ាក់សាំង និងសម្ភារវេជ្ជសាស្ត្រផ្សេងៗ គាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងនេះ មិនឲ្យមានខ្វះខាត ឬខ្វះចន្លោះណាមួយនោះទេ៕