(អាមេរិក)៖ លោស្រីបណ្ឌិត Geraldine Richmond តំណាងក្រុមអ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី០៨ ដល់ទី១៩ ខែមីនា ខាងមុខនេះ ស្របតាមគោលដៅរបស់រដ្ឋបាលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលចង់បង្កើនវិស័យអប់រំ និងវិទ្យាសាស្ត្រ ទៅកាន់បណ្តាប្រទេស នានានៅសកលលោក។ នេះបើយោងតាមសេចក្តីប្រកាសពីក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ ២០១៦។
នៅពេលខាងមុខនេះ នឹងត្រូវជាដំណើរទស្សនកិច្ចលើកទីបួនហើយ សម្រាប់បណ្ឌិត Richmond មកកាន់តំបន់ អាស៊ីអាគ្នេយ៍ ក្នុងនាមជាតំណាងផ្នែកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក។ លោក នឹងបន្តនូវបេសកកម្មរបស់លោក កាលពីបីលើកមុន ដោយនឹងបំពេញទស្សនកិច្ចនៅប្រទេសចំនួនបី រួមមាន កម្ពុជា, ថៃ និងឡាវ។
សម្រាប់ប្រទេសដែលលោកស្រី Richmond នឹងបំពេញទស្សនកិច្ចមុនគេនោះ គឺប្រទេសថៃចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែមីនា ដោយក្នុងនោះលោកស្រីនឹង ចូលកិច្ចប្រជុំគណកម្មការរួមរវាង អាមេរិក-ថៃឡង់ដ៍ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុងបាងកក ដើម្បីស្វែងយល់ពីសារៈសំខាន់នៃផ្នែក វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា (STEM) ហើយក៏ នឹងមានការលើកឡើងពីតម្រូវការចាំបាច់នៃសកលលោកដូចជា ចំណីអាហារ, សុខភាព, ថាមពល និងបច្ចេកវិទ្យា សម្រាប់ជំរុញល្បឿនពាណិជ្ជកម្មផងដែរ។
ដោយឡែកលោកស្រីបណ្ឌិត នឹងបន្តដំណើរមកកម្ពុជា ដើម្បីបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១០ ដល់ទី១៤ ខែមីនា ដែលលោកស្រីនឹងចូលរួមក្នុងពិធីស្វែងយល់ពី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ហើយក្នុងនោះប្រធានបទសំខាន់ដែលលោក ស្រីនឹងលើកឡើងគឺ «តើហេតុអ្វី បានជាខ្ញុំចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ?» សម្រាប់ទស្សនកិច្ចបញ្ចប់ លោកស្រី នឹងបន្តដំណើរទៅកាន់ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមីនា៕