(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៩៣៨នាក់ ខណៈអ្នកជំងឺចំនួន៣៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៩៣៨នាក់ រួមមាននៅរាជធានីភ្នំពេញ ៦០៨នាក់, ខេត្តកណ្តាល ១៧៥នាក់, ខេត្តកំពង់ស្ពឺ ១៤នាក់, ខេត្តព្រះសីហនុ ៧៧នាក់, ខេត្តតាកែវ ៤នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តកំពង់ចាម ៣នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តបាត់ដំបង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តបន្ទាយមានជ័យ ៥១នាក់។

សម្រាប់អ្នកជាសះស្បើយទាំង ៣៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ៣៥០នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តបន្ទាយមានជ័យ ៨នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,២៩៩នាក់, អ្នកជាសះស្បើយចំនួន ៥,៧៩១នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០,៣៩៤នាក់ និងអ្នកស្លាប់ចំនួន១០៧នាក់៕