(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ដើម្បីបានធនធានមនុស្សម្នាក់ៗ សម្រាប់ប្រទេសជាតិ គឺ ត្រូវចំណាយពេលវេលាចាប់ពីជាង ១០ឆ្នាំឡើងទៅ មិនដូចការដាំដើមស្វាយ ដើមដូងនោះឡើយ ដែលប្រើរយៈពេលតែ ៤-៥ឆ្នាំអាច ទទួលបានផលមកវិញ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គ្រូៗបញ្ចប់ការសិក្សាគរុកោសល្យនាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងទាំងអស់គ្នា (គ្រូៗគរុកោសល្យ) នៅទីនេះឆ្លងកាត់ ១២ឆ្នាំចំណេះទូទៅ បូកបរិញ្ញានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង សកលវិទ្យាល័យនានា អស់ ១៦ឆ្នាំ បូកមួយឆ្នាំនៅក្នុងវិទ្យាស្ថានអប់រំ ពាក់ព័ន្ធវិក្រិត្យការគរុកោសល្យនេះ ដូច្នេះ ១៧ឆ្នាំ។ បើគិតពីរឿងដាំដើមស្វាយវិញ ដាំដើមដូងវិញ ដាំបាន ៣ដង ដាំដើមដូង ដាំដើមស្វាយ គឺងាយបានទទួលទាន ប៉ុន្តែការដាំ មនុស្សត្រូវប្រើពេល»។
និយាយដល់ផលលំបាកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្តេចតេជោ ហ៊ុន សែន ក៏បាននឹកឃើញដល់ការវាយតម្លៃទៅលើ គុណភាពសញ្ញាបត្ររបស់អ្នកសិក្សានៅកម្ពុជាថា «គ្មានតម្លៃ» ពីសំណាក់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។ លោក សម រង្ស៊ី ក្នុងពិធីចែកវិញ្ញាបនបត្រសិក្សាវគ្គខ្លីៗ ដល់យុវជនគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៥ បានលើកឡើងថា កម្រិត អប់រំនៅកម្ពុជាមានការអន់ថយ ហើយសញ្ញាបត្រសិក្សានៅកម្ពុជា មិនត្រូវបានគេទទួលស្គាល់គុណភាពនោះទេ។
នឹកដល់ការការលើកឡើងរបស់លោក សម រង្ស៊ី ដែលសម្តេចតេជោ បានហៅថា គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់អ្នកសិក្សា និងគ្រូៗនៅ ក្នុងប្រទេសកម្ពុជានោះ សម្តេចតេជោ បានអំពាវនាវ ដល់សិស្សនិស្សិតទាំងអស់ឲ្យប្រែក្លាយការឈឺចាប់ពីការប្រមាថនេះ ឲ្យក្លាយទៅ សកម្មភាពជាក់ស្តែង។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «ចឹងទេយើងត្រូវប្រែក្លាយអាការឈឺចាប់របស់យើងនេះ ដែលគេប្រមាថនេះឲ្យ ទៅជាសកម្មភាពជាក់ស្តែង។ មិនប្រាកដទេណា! អ្នកដែលរៀននៅក្រៅប្រទេសមិនប្រាកដទេណា ថាពូកែជាងអ្នកនៅក្នុងស្រុក»។
នៅក្នុងពិធីប្រគល់សញ្ញាដល់គ្រូទើបបញ្ចប់ការសិក្សាគរុកោសល្យនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននៅកម្ពុជាមានគ្រូប្រមាណ ១១ម៉ឺននាក់ ខណៈសិស្សមានជាង ៤លាននាក់៕