(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នឹងបើកសវនាការលើសំណុំរឿង លោក មាជ សុវណ្ណារ៉ា និងសកម្មជន១០នាក់ផ្សេងទៀត របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់ពីលោក ជួង ជូងី មេធាវីការពារក្តីឱ្យលោក មាជ សុវណ្ណារ៉ា។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនCNRPទាំង១០នាក់ រួមមានឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំ ដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។
លោក ជួង ជូងី បានប្រាប់ Fresh News ឱ្យដឹថងថា លោកទទួលបានការជូនដំណឹងពីសាលាឧទ្ធរណ៍ឱ្យចូលការពារក្តីនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែលោកមិនដឹងថាជាសវនាការរឿងអ្វីនោះទេ ព្រោះតែមានចំណុំរឿង២ទៅលើ លោកមាជ សុវណ្ណារ៉ា និងសកម្មជនទាំងនោះ ក្នុងនោះមានបណ្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និង បណ្តឹងដែលចោទសាលាដំបូងថាបានអនុវត្តខុសនីតិវិធីលើលោកមាជ សុវណ្ណារ៉ាកន្លងមក។
សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិផងដែរ៕