(ភ្នំពេញ)៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ពីសម្រួលទុក្ខលំបាកប្រជាពលរដ្ឋ ដែល ប្រើប្រាស់ប្រាកកម្ចីពីធនាគារ-មីក្រូហិរញ្ញវត្ថុ ក្នុងអំឡុងពេលបិទខ្ទប់។
ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ការសម្រួលទុក្ខលំបាកពលរដ្ឋ ប្រើប្រាស់កម្ចីពីធនាគារ-មីក្រូហិរញ្ញវត្ថុ ពេលបិទខ្ទប់» លោក កាំង តុងងី បានឲ្យដឹងថា យើងសង្កេតឃើញថា ការរីករាលដាលនៃជំងឺកូវីដ១៩នេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
លោកបន្តថា កាលពីឆ្នាំ២០២០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានទប់ស្កាត់ជំងឺកូវីដ១៩នេះ បានយ៉ាងល្អ ប៉ុន្ដែក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផលប៉ះពាល់មានការកើនឡើងខ្លាំងជាងមុន ទាំងវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែចំនួនអ្នកឆ្លងកើនឡើងច្រើន ចំនួនអ្នកធ្វើចត្តាឡីស័ក ក៏មានការកើនឡើងច្រើន ទន្ទឹមនឹងនេះក៏មានអ្នករងគ្រោះ រហូតដល់បានបង់ជីវិតផងដែរ។
លោកបានបញ្ជាក់ថា «ដោយសារតែឃើញថា មានផលវិបាកទាំងនេះហើយទើប សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា បានប្រជុំគ្នារកដំណោះស្រាយ ជួយដល់អតិថិជន ក្រៅអំពីតែពីយន្ដការដែលមានស្រាប់ ក្នុងឆ្នាំ២០២០។ បន្ទាប់ពីការជជែកពិភាក្សាគ្នារួចរាល់ជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា ព្រមទាំងធនាគារជាតិផងនោះ យើងក៏បានដាក់ចេញគោលការណ៍បន្ថែម ដើម្បីជួយដល់អ្នករងគ្រោះដោយជំងឺកូវីដ១៩នេះ។ ប្រសិនបើអតិថិជនកើតជំងឺកូវីដ១៩ នឹងទទួលបានការលើកលែងការប្រាក់រយៈពេល២ខែ និង ២ខែទៀតអតិថិជននឹងទទួលបាន ការរៀបចំឥណទានដោយស្វ័យប្រវត្តិ ដោយមិនបង់ទាំងប្រាក់ដើម និងការប្រាក់ ហើយប្រសិនបើស្ថានភាពអតិថិជន នៅតែមិនស្រួលទៀតនោះទេ ពួកគាត់អាចជជែកពិភាក្សា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការរៀបចំឥណទានឡើងវិញ ក្នុងកម្រិតគោលការណ៍ដែលមានស្រាប់»។
លោកបានបន្ដថា «ដោយឡែកសម្រាប់អ្នកធ្វើចត្តាឡីស័ក សមាគមនឹងផ្ដល់ជូនការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិរយៈពេល២ខែ ដោយមិនបង់ទាំងការប្រាក់ និងប្រាក់ដើម ប្រសិនបើ២ខែនេះមិនគ្រប់គ្រាន់នោះទេ អតិថិជននឹងធ្វើការពិភាក្សា ដោយផ្ទាល់ជាមួយគ្រឹះស្ថាន ដើម្បីរៀបចំឥណទានឡើងវិញបន្ដទៀត តាមលក្ខខណ្ឌ និងលទ្ធភាពជាក់ស្ដែងរបស់អតិថិជន។ ទន្ទឹមនឹងនេះគ្រួសារ ដែលមានសមាជិក ទទួលមរណភាព ដោយសារជំងឺកូវីដ១៩ សមាគមនឹងឲ្យគ្រឹះស្ថាននីមួយៗជួយគាំពារ ដល់ក្រុមគ្រួសារជនរងគ្រោះ តាមលក្ខខណ្ឌជាក់ស្ដែង។ លើសពីនេះសមាគម បានជំរុញឲ្យសមាជិកទាំងអស់ មិនឲ្យមានការផាកពិន័យ ឬការប្ដឹងអតិថិជនឡើងតុលាការ ឬរឹបអូសទ្រព្យបញ្ចាំផ្សេងៗ គឺមិនអនុញ្ញាតជាដាច់ខាត ដោយសារតែយើងយល់ថា អតិថិជនកំពុងរងគ្រោះក្នុងអំឡុងពេលនេះ»។
លោកបានឲ្យដឹងទៀតថា ក្នុងនោះក៏បានជជែកគ្នាថា ក្នុងពេលមានវិបត្តិ និងក្រោយពេលមានវិបត្តិអាជីវកម្មទូទៅ និងមុខរបរបស់ប្រជាពលរដ្ឋនឹងត្រូវការ ដើមទុនបន្ទាន់ ដើម្បីដំណើរអាជីវកម្ម និងស្ដារអាជីវកម្ម ដូច្នេះខាងសមាគមបានជំរុញ ឲ្យសមាជិកបញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬឥណទានស្ដារអាជីវកម្ម ដល់ប្រជាពលរដ្ឋ ក្នុងអត្រាការប្រាក់មួយ ដែលទាបជាងមុន ប៉ុន្ដែក្នុងកម្រិតណាមួយនោះ គឺអាស្រ័យលើគ្រឹះស្ថាននីមួយៗ៕