(កំពង់ធំ)៖ បន្ទាប់ពីមានការរីករាលដាលការឆ្លងជម្ងឺកូវីដ១៩ ជាបន្តបន្ទាប់នៅក្នុងពិធីបុណ្យសពនៅស្ត្រីឈ្មោះ ប៉ិល ថេង ព្រមទាំងបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ពេលនេះមន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញអ្នកឆ្លងចំនួន២៩នាក់។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យមើលការធ្វើតេស្តដល់បងប្អូនប្រជាពលរដ្ឋ និងពិនិត្យទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីដ១៩ នៅសាលាវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយស្ថានភាពនេះ លោក សុខ លូ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ដែលរដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីប្រកាសព័ត៌មាន សូមអញ្ជើញ មកធ្វើតេស្តយកសំណាកនៅសាលាបឋមសិក្សាឈើទាល ស្ថិតនៅក្នុងវត្តឈើទាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសងគមន៍បន្តទៀត។
លោកអភិបាលខេត្ត បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំរួមគ្នារៀបចំកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវមកធ្វើចត្តាឡីស័កនៅទីនេះ ឲ្យបានសមរម្យ ព្រមទាំងធ្វើការផ្សព្វផ្សាយនូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកូវីដ១៩។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមកធ្វើតេស្តសំណាកចំនួន៥៦៣នាក់ (ស្រី១៩៧នាក់) ដោយធ្វើចត្តាឡីស័កចំនួន១៤៣នាក់ ស្រី៤៧នាក់ នៅមណ្ឌលសាលាបឋមសិក្សា ឈើទាល ចំណែកបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តាខេត្ត និងក្រៅប្រទេសមានចំនួន ១៦៧នាក់ ស្រី៨៥នាក់ ដោយធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យរស្មីសោភ័ណ។
កាលពីយប់ថ្ងៃទី១ ខែឧសភា រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត នៅស្រុកស្ទោង។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ រស់នៅមូលដ្ឋានឃុំកំពង់ចិនត្បូង និងឃុំសំព្រោជ ស្រុកស្ទោង ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានម្នាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ បច្ចុប្បន្នអ្នកជំងឺកូវីដទាំង១៤នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង។
លុះនៅថ្ងៃទី២ ខែឧសភា ម្សិលមិញ រដ្ឋបាលខេត្ដ ក៏បានប្រកាសពីការរកឃើញមនុស្សចំនួន១៥នាក់បន្ថែមទៀតកើតជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង១៥នាក់បន្ថែមនេះ សុទ្ធតែអ្នកពាក់ព័ន្ធក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង៕