(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់កម្មករសំណង់ចំនួន៣៦៦នាក់ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន៣ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា បន្ទាប់ពីទទួលដំណឹងពីការខ្វះខាតរបស់ប្រជាពលរដ្ឋ និងកម្មករសំណង់ទាំងអស់បន្ទាប់ពីក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់អស់រយៈពេលប្រមាណជាង ១០ថ្ងៃមកហើយនោះ មានប្រជាពលរដ្ឋ ដូចជាកម្មករនានា កំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ ទើបលោកបាននាំយកអំណោយទាំងនេះចែកជូនដល់បងប្អូនដែលកំពុងខ្វះខាត។
លោក គង់ សោភ័ណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរជានិច្ច ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិរាត្បាតជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។
គួរជម្រាបថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្ដល់ជូននាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ទឹកសុទ្ធ ១កេស, ជែល ១ដប, ម៉ាស ១០បន្ទះ និងថវិកា ២ម៉ឺនរៀលផងដែរ៕