(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយន្ត បានផ្តល់ស្បៀងអាហារមួយចំនួនធំ ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីទុកចែកជូនកងកម្លាំង និងមន្ត្រីក្នុងខណ្ឌ ដែលជួបការលំបាកក្នុងកំលុងពេលវិបត្តិជំងឺកូវីដ១៩។
អំណោយស្បៀងអាហាររបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវបានលោក ឆារស៍ វ៉ាន់, លោក សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកទៅជូនរដ្ឋបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខជូនថ្នាក់ដឹកនាំខណ្ឌ តាមរយៈលោក ឆារស៍ វ៉ាន់ ដែលបានរៀបចំកងកម្លាំងឯកភាពរបស់ខណ្ឌប្រចាំតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងថ្ងៃយប់ ដើម្បីសម្រេចអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល មិនឱ្យមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ។
ឆ្លៀតក្នុងឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងការនឿយហត់របស់កងកម្លាំង ព្រមទាំងបានឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគ-បរិភោគនៅពេលនេះ។ លោក ជា ពិសី បានបញ្ជាក់ថា លោកនឹងពាំនាំអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រគល់ជូនដល់កងកំលាំងឱ្យដល់ដៃគ្រប់ៗគ្នា។
អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖
១៖ អង្ករ ០២តោន
២៖ ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣៖ មី ១០កេសធំ ស្មើ ៦០កេសតូច
៤៖ ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥៖ ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦៖ អំបិល ០១បេ (មាន ២៥គីឡូ)
៧៖ ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨៖ ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩៖ ទឹកសុទ្ធ ARUNA ២០០កេស
១០៖ អាល់កុល ១៥០លីត្រ
១១៖ ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់៕