(រតនគិរី)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង លោកស្រី ញាន ទិត្យចិន្តា ប្រធានក្រុមការងារ CPP ចុះមូលមូលដ្ឋានក្រុងបានលុង និងលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងដោយមានការចូលរួមពីអភិបាលក្រុងបានលុង អាជ្ញាធរភូមិ, សង្កាត់ និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានកៀរសម្រួលផ្លូវលំមួយខ្សែប្រវែង ៧៥០ម៉ែត្រ និងទទឹង៦ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកស្រី ញាន ទិត្យចិន្តា បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាល ខេត្តរតនគិរី បានចុះពិនិត្យនិងដឹកគ្រឿងចក្រកៀសម្រួលផ្លូវលំមួយខ្សែ ដែលរងការខូចខាតកាលពីចុងឆ្នាំកន្លងទៅ។
លោកស្រី ញាន ទិត្យចិន្តា បញ្ជាក់ឲ្យដឹងទៀតថា ផ្លូវលំមួយខ្សែនេះមានប្រវែង៧៥០ម៉ែត្រ ដែលត្រូវកៀសម្រួលរួចជាស្ថាពរ គឺផ្លូវសម្រាប់ ជូនប្រជាពលរដ្ឋងាយស្រួល ធ្វើដំណើរបានល្អប្រសើរជាងមុនព្រោះរដូវវស្សា ឈានចូលមកដល់ហើយ។ បន្ថែមលើនេះទៀត លោកស្រីក៏បានក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល គឺ «៣កុំ ៣ការពារ» ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍។
លោក ចាន់ ដារុន តំណាងអាជ្ញាធរភូមិអូរមៀត សង្កាត់ឡាបានសៀក និងប្រជាពលរដ្ឋទាំងអស់មានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណលោក ថង សាវុន ដែលតែងតែជួយដោះស្រាយបញ្ហាផ្សេងៗពេលដែលពួកគាត់ជួបការលំបាក។ ប្រជាពលរដ្ឋក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង បានលើកឡើង ពីសារៈសំខាន់ផ្លូវលំបានកៀសម្រួលរួចហើយនេះ គឺផ្តល់ភាពងាយស្រួលដូចជាការធ្វើដំណើរទៅផ្សារបានលុង, ទៅមន្ទីរពេទ្យ, កូនចៅពួកគាត់ទៅសាលារៀនជាដើម៕