(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រុមថតរូបរបស់បណ្តាញព័ត៌មាន Fresh News និង Fresh Studio បានទៅផ្តិតយកទិដ្ឋភាពផ្សារបណ្តោះអាសន្ន នៅតំបន់ក្រហមលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់។
ផ្សារបណ្តោះអាសន្នតំបន់ក្រហម ក្នុងសង្កាត់ចោមចៅ១នេះ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងធ្វើឡើងដោយគោរពទៅតាមវិធានសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋនៅទីតាំងនេះ បានចេញទៅទិញគ្រឿងឧបភោគបរិភោគ ដោយភាពងាយស្រួល។ ក្នុងនោះ ទីតាំងសម្រាប់ដាក់អីវ៉ាន់លក់ដូរ ត្រូវដាក់នៅឆ្ងាយៗពីគ្នា ក្នុងរង្វង់ដែលកំណត់ដោយអាជ្ញាធរ ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
សម្រាប់សកម្មភាពលក់ដូរ គេសង្កេតឃើញមានសមត្ថកិច្ចចាំសម្រួលដំណើរការ ខណៈអ្នកលក់ និងអ្នកទិញសុទ្ធតែពាក់ម៉ាស និងរក្សាគម្លាតបានយ៉ាងត្រឹមត្រូវ ហើយបើមើលទៅលើទឹកមុខរបស់ពួកគាត់វិញ គឺពោរពេញដោយភាពញញឹមញញែមមិនដាច់ឡើយ។ គួរជម្រាបថា ផ្សារបណ្តោះអាសន្នខាងលើដំណើរការ ត្រឹមតែម៉ោង ១០ព្រឹកប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖