(ភ្នំពេញ)៖ រដ្ឋបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ទទួលបានជំនួយថវិកាចំនួន១០,០០០ដុល្លារអាមេរិក ពីលោកឧកញ៉ា តែ អ៉ីឆែ និងលោកជំទាវ សម្រាប់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងលិខិតថ្លែងអំណរគុណ របស់រដ្ឋបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់ទុកអំណោយជាថវិការបស់ឧកញ៉ា តែ អ៉ីឆែ និងលោកជំទាវ ថាជាពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដ កំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្តទាំង២ ក៏បានប្រសិទ្ធពរជ័យដល់ឧកញ៉ា តែ អ៉ីឆែ និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥,៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លាប់ចំនួន១០៦នាក់។
ដោយឡែកសម្រាប់ខេត្តកណ្តាល មានអ្នកឆ្លងសរុបចំនួន ១២១២នាក់ ជាសះស្បើយចំនួន ៤៨៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧២៣នាក់ ខណៈខេត្តកំពង់ស្ពឺ ចំនួនអ្នកឆ្លងសរុបចំនួន ៦០នាក់ ក្នុងនោះជាសះស្បើយ១៤នាក់, កំពុងសម្រាកព្យាបាលចំនួន ៤៤នាក់ និងស្លាប់២នាក់៕