(ភ្នំពេញ)៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន១៦នាក់ត្រូវបានសមត្ថកិច្ច នគរបាលធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទូទាំងប្រទេសប្រចាំថ្ងៃទី៨ ខែមីនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសប្រចាំថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានឲ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរ/រក្សាទុក និងប្រើប្រាស់៨ករណី ដោយឃាត់មនុស្ស១៦នាក់ (ស្រី២នាក់) ក្នុងមុខសញ្ញាជួញដូរ៩នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតវត្ថុតាងរួមមាន មេតំហ្វេតាមីន(ice) ចំនួន ១៧,៥១ក្រាម, ៦កញ្ចប់ធំ និង ២កញ្ចប់តូច។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ការបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃម្សិលមិញ នៅភ្នំពេញឃាត់ខ្លួន២នាក់, សៀមរាបឃាត់ខ្លួន៨នាក់ (ស្រី២នាក់), តាកែវ ឃាត់ខ្លួន៣នាក់ (ប្រុស), ព្រះវិហារឃាត់ខ្លួន២នាក់ និង រតនគីរី ឃាត់ខ្លួនម្នាក់៕