(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេច ឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅទូទាំងប្រទេស។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ ត្រូវបានអង្គការយូណេស្កូ ផ្តល់ចំណាត់ទី១៧ ដល់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសនៅលើពិភពលោក ដែលបានផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនគ្រូបង្រៀន។
ស្របតាមការសម្រេចចិត្តនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានី ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា និងក្រុមយុវជនស្ម័គ្រចិត្តដទៃទៀត រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី១ ដែលបានចាប់ផ្តើម ដោយភាពរលូនតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូ អភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប ១៥៨,០០០ នាក់។
ដោយឡែក នៅរាជធានីភ្នំពេញ បុគ្គលិកអប់រំបានចាក់វ៉ាក់សាំងទាំង២ដូស ចំនួន ២៤,៨០០ នាក់ និងក្រុមការងារបានជួយចាក់វ៉ាក់សាំង ដូសទី២ ជូនបុគ្គលិកស្ថាប័នផ្សេងៗ ប្រជាជន និងព្រះសង្ឃបាន ចំនួន ៤៥,៤០០នាក់។
ជារួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជំហានទី១ កន្លងមក ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានទូទៅ ជាពិសេស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ក្រសួងដ៏ទៃ និងប្រជាជនស៊ីវិល ដែលមកទទួលសេវាចាក់វ៉ាក់សាំង ដោយបានកោតសរសើរអំពី ការរៀបចំយន្តការនិងដំណើរការបានល្អ ការគោរពបាននូវគោលការណ៍ ប្រតិបត្តិរបស់ក្រសួងសុខាភិបាល ត្រឹមត្រូវល្អ ក្រុមការងារតាមមណ្ឌលវ៉ាក់សាំងនីមួយៗមានភាពរាក់ទាក់ សម្របសម្រួល និងបំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមហ៊ុនឯកជន និងសប្បុរសជនទាំងអស់ ដែលបានចូលរួម ឧបត្ថម្ភគាំទ្រជាថវិកា ជាសម្ភារបរិក្ខារអនាម័យ ជាភេសជ្ជៈ និងម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមការងារចាក់វ៉ាក់សាំង នៃយុទ្ធនាការជំហានទី១នេះ។
ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាឱកាសដ៏សំខាន់ដើម្បីការពារខ្លួន សម្រាប់ខ្លួនឯងផ្ទាល់ផង សម្រាប់ការពារក្រុមគ្រួសារផង និងដើម្បីមានឱកាសវិលត្រឡប់ ទៅបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់បន្តការសិក្សារបស់សិស្ស និងនិស្សិត នាពេលខាងមុខ។
ជាថ្មីម្តងទៀត ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានី ខេត្ត សហព័ន្ធសហភាព យុវជនកម្ពុជា សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងក្រុមយុវជនស្ម័គ្រចិត្តដ៏ទៃទៀត ដែលបានលើកទឹកចិត្ត គាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំហាន ទី១នេះ ឲ្យទទួលបានជោគជ័យ ប្រកបដោយសុខសុវត្ថិភាព ទន្ទឹមនឹងការបន្តអនុវត្តខ្ជាប់ខ្ជួននូវគោលការ ៣ការពារ ៣កុំ៕