(កណ្តាល)៖ បន្ទាប់ពីឧបត្ថម្ភជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយនោះលោក ស្រី ចន្ធូ និងក្រុមគ្រួសារក្រុមហ៊ុន 7NG បានចាត់ឲ្យក្រុមកាងារ បន្តជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនធំ ប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងពិធីនៅចុងសប្ដាហ៍កន្លងទៅនេះ លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយ សទ្ធាជ្រះថ្លារបស់លោក ស្រី ចន្ធូ និងក្រុមគ្រួសារ 7NG ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
លោកអភិបាលខេត្តកណ្ដាល បានសន្យាថា នឹងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកណ្ដាល នោះរួមមាន៖ អង្ករ ចំនួន១០តោន, ទឹកស៉ីអ៉ីវ ចំនួន២៥០យួរ និងអាកុល ចំនួន២៥កាន៕