(សៀមរាប)៖ ក្រុមការងារនៃរដ្ឋបាលខេត្តសៀមរាប បានស្រាវជ្រាវរកឃើញអ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ ដែលជិះរថយន្តរួមគ្នាមួយអ្នកជំងឺកូវីដ១៩ ២នាក់ ដែលរកឃើញនៅថ្ងៃទី២ ខែឧសភា។
ក្នុងករណីឆ្លងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី២ ខែឧសភា រដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន៤នាក់ ក្នុងនោះមាន២នាក់ គឺឈ្មោះ ស្រី សារ៉េត និងស្រី តុងឈីម ដែលបានជិះរថយន្តជាមួយអ្នកដំណើរ៧នាក់ទៀត។ នៅថ្ងៃនេះ ក្រុមការងារស្រាវជ្រាវបានរកឃើញអ្នកពាក់ព័ន្ធទាំង៧នាក់នោះ និងបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលនានាក្នុងមូលដ្ឋានផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកដំណើរទាំង៧នាក់ខាងលើ រួមមាន៖
- បុគ្គល ៥នាក់ ឈ្មោះ ឈុន វាន់នឿន ឈ្មោះ វ៉ាន់ ភិន ឈ្មោះ វ៉ាន់ គន់ ឈ្មោះ លត ទៀងឈ្មោះ វាន់ ណៃ ត្រូវបានរដ្ឋបាលស្រុកជីក្រែងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យស្ពានត្នោត ពេលដែលចុះពីរថយន្តមកភ្លាម។
* ឈ្មោះ តូល តៅ បានបន្តដំណើរទៅស្នាក់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង
* ឈ្មោះ ឈឿន វាសនា ជាអ្នកបើកបររថយន្ត ត្រូវបានចត្តាឡីស័កនៅស្រុកបារាយ៍ ខេត្តកំពង់ធំ។
ជាមួយគ្នានេះ ចំពោះទីតាំងដែលពាក់ព័ន្ធនឹងការចេញ ចូលរបស់អ្នកដំណើរនៃរថយន្តខាងលើ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ត កំណត់មុខសញ្ញា និងចាត់វិធានការផងដែរ។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋបាលស្រុកដែលទទួលបន្ទុកត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code នៅតាមព្រំប្រទល់ បានយកចិត្តទុកដាក់ក្នុងការកត់ត្រាព័ត៌មានអ្នកធ្វើដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអរគុណចំពោះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលបានទាន់ពេលវេលា៕