(ភ្នំពេញ)៖ ដោយអនុវត្តតាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញស្បៀងចម្រុះរួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្ករគ្រាប់ ព្រមទាំងម៉ាស់ សម្រាប់៣០៥គ្រួសារ។
ក្នុងនោះមួយគ្រួសារទទួលបាន អង្ករមួយការ៉ុង ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ម៉ាស៥០, ស្ករគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជា ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងយប់ ដើម្បីយកទៅចែកជូនបន្តដល់គ្រួសារសមាជិកអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង ក្នុងវិបត្តិកូវីដ-១៩។
ថ្លែងក្នុងឱកាស បើកស្បៀងនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើថា ក្នុងនាមលោកជាមេបញ្ជាការ លោកមិនបណ្តោយឲ្យគ្រួសារសមាជិក អាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ដាច់បាយជាដាច់ខាត ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩ នាពេលនេះ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា ដោយសិល្បៈចែករំលែក។
ជាក់ស្តែងស្បៀងនៅចំពោះមុខនេះ គឺបានមកពីសប្បុរជនខ្លះ និងសល់ពីការសន្សំសំចៃក្នុងអង្គភាពខ្លះ លោកសូមធ្វើការបែងចែកជូនដល់ប្រធានអង្គភាពចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមយកទៅផ្តល់ជូនដល់មុខសញ្ញាខ្វះខាតជាក់ស្តែង ទាំងក្នុងអង្គភាពរៀងខ្លួន ក៏ដូចជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ តែសូមកុំភ្លេចអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ការពារ និង៣កុំ៕