(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ តុលាការកំពូលកម្ពុជា សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ លើ សំណុំរឿងជះទឹកអាស៊ីដ៏សាហាវមួយ នៅខេត្តតាកែវ ខណៈដែលជនបង្កកំពុងរស់នៅ ដោយមានសេរីភាព ហើយជនរងគ្រោះស្ទើរតែក្លាយទៅជាជនពិការម្នាក់ នេះបើយោងតាមមន្រ្តីតុលាការថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើងដោយជនដៃដល់ ៤នាក់ (ឪពុកម្តាយនិងកូន២នាក់) យកទឹកអាស៊ីតជះទៅលើស្រី្ត មានផ្ទៃពោះ២ខែម្នាក់ឈ្មោះ មួង ស្រីមុំ បណ្តាលឱ្យរងរបួសធ្ងន់។
ដោយឡែកកូនស្រីរបស់គាត់អាយុ២ឆ្នាំ ម្នាក់ទៀតរងរបួសសើស្បែក។ ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុជនដៃដល់២នាក់ជាកូន បានរត់គេចខ្លួន ហើយពុកម្តាយដែលជនរងគ្រោះចោទថាជាអ្នកចូលរួមជះទឹកអាស៊ីតដែរនោះ មិនត្រូវបានសមត្ថកិច្ច ឬតុលាការ ឃុំខ្លួនឡើយ។
ក្នុងសវនាការកាលពីម្សិលមិញ នៅតុលាការកំពូល ពុំមានវត្តមានជនជាប់ចោទឈ្មោះ ញ៉ែ ដេង អាយុ៥៧ឆ្នាំ និង ប្រពន្ធឈ្មោះ សេង គឹមឡេង អាយុ៥៥ឆ្នាំ នោះទេ។ អ្នកទាំងពីរត្រូវបានចោទពីបទ «ហិង្សាដោយចេតនាលើអ្នកដទៃដោយប្រើទឹកអាស៊ីតនិងអំពីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស» ក្នុងករណីជះទឹកអាស៊ីតនេះ។ សវនាការនេះដឹកនាំដោយលោកស្រី គឹម សត្ថាវី ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ និងលោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ។
ការប្រកាសសាលដីកា នៅសប្តាហ៍ក្រោយនេះ គឺជាសម្រេចចោទប្រកាន់ជនជាប់ចោទ ឬទម្លាក់ចោទប្រកាន់លើជនជាប់ចោទ តែម្តង៕