(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញករណីថ្មីមួយទៀត នាយប់ថ្ងៃទី២ ខែឧសភា។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកវិជ្ជមានថ្មីនេះមានឈ្មោះ ដឹង ចាន់ណាត់ ភេទប្រុស អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលទើបធ្វើដំណើរមកពីខេត្តព្រះសីហនុ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល បុរសខាងលើបានធ្វើដំណើរតាមរថយន្តឈ្នួល មកឈប់នៅមុខវត្តព្រះព្រហ្មរ័ត្ន វេលាម៉ោង១៧៖០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន គាត់បានជិះរ៉ឺម៉កកង់បីទៅកាន់មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ ហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តស្រាវជ្រាវទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ន ឈ្មោះ ដឹង ចាន់ណាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកបើកបររ៉ឺម៉កដូចបានបញ្ជាក់ជូនខាងលើ ដែលដឹកសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
គិតត្រឹមថ្ងៃទី៣ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន១៥នាក់ ស្លាប់១នាក់ និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕